ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធី បើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហាខាងមុននេះ

BY
Naren
July 10, 2024

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

Share This Post: