ក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលទាំងម្តាយ និងអ្នកសង្គ្រោះរវល់ចុចទូរស័ព្ទ
យោងតាមកាសែត The Straits Times បានឱ្យដឹងថា មន្ត្រីវិភាគសាកសពបានរិះគន់យ៉ាងខ្លាំងៗទៅកាន់ក្រុមសង្គ្រោះអ្នកលង់ទឹក ២នាក់ និងគ្រូបង្ហាត់ហែលទឹកម្នាក់ របស់ក្លឹបហែលទឹក Kallang Basin Swimming Complex បន្ទាប់ពីក្មេងស្រីអាយុ ៦ឆ្នាំ ម្នាក់បានស្លាប់។ ក្មេងស្រីម្នាក់នេះមានឈ្មោះ Sherlyn Ler ហើយប្រភពដដែលបានឱ្យដឹងថា នាងត្រូវបានគេទុកចោលយ៉ាងហោចណាស់ ៤នាទី បន្ទាប់ពីគ្រូបង្ហាត់ហែលទឹកឈ្មោះ Yeo Chwee Chuan បានទុកនាងចោលម្នាក់ឯងជាមួយនឹងបន្ទះក្តារហែលទឹក។

ខណៈដែលគ្រូបង្ហាត់ហែលទឹកបានទុកនាងចោល ដើម្បីទៅមើលថែកុមារៗផ្សេងទៀត ក្រុមសង្គ្រោះ ២នាក់ ទៀតក៏មិនបានចាប់អារម្មណ៍នឹងនាងដែរ ដោយពួកគេម្នាក់រវល់រៀបចំកៅអី ហើយម្នាក់ទៀតរវល់តែចុចទូរស័ព្ទ ចំណែកម្តាយរបស់នាងក៏រវល់ជាមួយទូរស័ព្ទដូចគ្នា ដូច្នេះហើយទើបបណ្តាលឱ្យនាងលង់ទឹកបែបនេះ។ ក្រោយមកក៏មានកុមារ ២នាក់ បានឃើញនាងសន្លប់ និងអណ្តែតលើទឹក ហើយក៏បានរាយការណ៍មកប្រាប់អ្នកសង្គ្រោះភ្លាម។
កុមារី Sherlyn ទទួលបានការធ្វើចលនាបេះដូង CPR និងបញ្ជូនមកមន្ទីរពេទ្យភា្លម ប៉ុន្តែគួរឱ្យស្តាយ ២០ថ្ងៃ ក្រោយមកនាងក៏បានស្លាប់ ដោយសារខ្វះអុកស៊ីសែន និងមានឈាមហូរចូលខួរក្បាល។ នេះក៏ជាមេរៀនមួយសម្រាប់អាណាព្យាបាលទាំងអស់ ព្រោះថាការធ្វេសប្រហែសរបស់អ្នកបានត្រឹមតែបន្សល់នូវភាពស្តាយក្រោយប៉ុណ្ណោះ។ ចំពោះការលង់ទឹកនេះវិញ ត្រឹមតែរយៈពេល ២០-៦០វិនាទី គឺអាចនឹងសម្លាប់យើងបានភ្លាម ប្រសិនបើសង្គ្រោះមិនទាន់ ដូច្នេះហើយសូមមានការប្រុងប្រយ័ត្ន៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes