ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយពីលែងលះគ្នា អតីតភរិយារបស់ស្ថាបនិក Amazon នឹងក្លាយជាស្ត្រីមានបំផុតទី ៣ របស់ពិភពលោក

    BY autoadmin April 6, 2019
    ក្រោយពីលែងលះគ្នា អតីតភរិយារបស់ស្ថាបនិក Amazon នឹងក្លាយជាស្ត្រីមានបំផុតទី ៣ របស់ពិភពលោក

    លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងផ្ទេរភាគហ៊ុនប្រហែល ៤% ស្មើនឹង ៣៥ពាន់លានដុល្លារអាមេរិក ទៅឱ្យអតីតភរិយារបស់លោក គឺលោកស្រី MacKenzie នៅដើមខែកក្កដាខាងមុខ ខណៈដែលប្តីប្រពន្ធមួយគូនេះកំពុងស្ថិតនៅក្នុងដំណាក់កាលដើរដល់ផ្លូវបំបែក។

    លោកស្រី MacKenzie នឹងក្លាយជាស្ត្រីទី ៣ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដេញពីក្រោយលោកស្រី Francoise Bettencourt Meyer ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន L’Oréal មានទ្រព្យសម្បត្តិតម្លៃប្រមាណ ៥២.៩ពាន់លានដុល្លារ និងលោកស្រី Alice Walton របស់ក្រុមហ៊ុន Walmart ដែលមានទ្រព្យសម្បត្តិតម្លៃ ៤៥ពាន់លានដុល្លារ។ លោកស្រី MacKenzie ក៏នឹងក្លាយជាអ្នកមានបំផុតលំដាប់ ទី២៦ នៅលើពិភពលោក នាំមុខនាយករបស់ Nike លោក Phil Knight ផងដែរ។

    យ៉ាងណាមិញទោះបីជាលោក Jeff Bezos ចែកទ្រព្យសម្បត្តិឱ្យទៅអតីតភរិយាយ៉ាងច្រើនក្តី លោកនៅតែមានតំណែងជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក ដោយទ្រព្យសម្បត្តិសរុបរបស់គាត់នៅពេលនេះគឺច្រើនជាង ១១០ពាន់លានដុល្លារអាមេរិក ខណៈអ្នកមានទី ២ គឺលោក Bill Gates ដែលមានទ្រព្យសម្បត្តិ ៩៩.៥ពាន់លានដុល្លារអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnn

    Share This Post: