ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងអប់រំ ចែករំលែកគន្លឹះពីរបៀបរៀនត្រៀមដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អ

    BY Naren July 23, 2024
    រដ្ឋមន្រ្តីក្រសួងអប់រំ ចែករំលែកគន្លឹះពីរបៀបរៀនត្រៀមដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកក្កដា ខណៈពេលសម័យប្រឡងបាក់ឌុបនៅសល់ប្រមាណពីរខែឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានចែករំលែកបទពិសោធន៍ថា ​ដើម្បីប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេសល្អ សិស្សានុសិស្សត្រូវ ទី១. ចូលរួមរៀនថ្នាក់បំប៉នបន្ថែម ទី២. ត្រូវចេះសង្ខេបមេរៀន និងរំលឹកមេរៀន ទី៣. ធ្វើលំហាត់ឱ្យច្រើន និងទី៤.ថែរក្សាសុខភាពឱ្យល្អ។

    ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗ​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ក្នុងដំណាក់កាលនេះ សិស្សមិនមានពេលវេលាច្រើនសម្រាប់មើល​មេរៀន​ទាំងអស់គ្រប់មុខវិជ្ជានោះទេ ដូច្នេះ សិស្សានុសិស្សត្រូវត្រៀមសៀវភៅមួយសម្រាប់សង្ខេបមេរៀនទៅតាមមុខវិជ្ជា និងមេរៀន​សំខាន់ៗ​ដែលអាចទទួលបានពិន្ទុច្រើន។

    ឯកឧត្តមបណ្ឌិតបន្តថា នៅសល់រយៈពេល ២ខែទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលបានខិតខំរៀនអស់១២ឆ្នាំ ហើយបើបូកបញ្ចូលទាំងថ្នាក់មត្តេយ្យទៀត អាច១៣ ទៅ១៤ឆ្នាំ ដែលវា​ក៏ជាការវិនិយោគដ៏ច្រើនរបស់ឪពុកម្ដាយផងដែរ។ ដូច្នេះ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងពង្រឹង​សមត្ថភាពឱ្យខ្លាំង ដើម្បីជោគជ័យក្នុងការប្រឡងបាក់ឌុបថ្ងៃខាងមុខ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា សម្រាប់មុខវិជ្ជាអក្សរសាស្រ្តខ្មែរ ត្រូវផ្ដោតលើតែងសេចក្ដី។ ដូច្នេះ សិស្សានុ​សិស្សត្រូវមើលអំពីរបៀបតែងសេចក្ដី ដោយស្វែងរកវិញ្ញាសាណាមួយយកមករៀនសរសេរខ្លួនឯង។ បើប្រធានបទ​ប្រឡងចេញមក ត្រូវសរសេររបៀបណា? ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ដើម្បីតែងសេចក្ដីបានល្អ សិស្សានុសិស្សត្រូវចេះពន្យល់ពាក្យគន្លឹះ​សំខាន់ៗ, ពន្យល់ប្រធានវិញ្ញាសា, ចេះប្រើឃ្លាភ្ជាប់សេចក្ដី, វែកញែកប្រធាន ដោយលើកឧទាហរណ៍មកបញ្ជាក់ (ធម្មតាត្រូវមាន​មតិស្រប មតិផ្ទុយ) និងសំយោគមតិ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា សិស្សានុសិស្សត្រូវអានប្រធានឱ្យយល់ ហើយត្រូវចាំថា ក្នុងប្រធានតែងសេចក្ដីមួយ អាចមាន​ការពន្យល់ពាក្យយ៉ាងតិច មួយឬពីរ ហើយត្រូវចេះសរសេរឃ្លាភ្ជាប់ បន្ទាប់មកបកស្រាយពន្យល់មតិស្រប ហើយលើកឧទាហរណ៍​អក្សរសិល្ប៍មកបញ្ជាក់ រួចទើបចូលមតិផ្ទុយ បកស្រាយពន្យល់មតិផ្ទុយ ហើយលើកឧទាហរណ៍អក្សរសិល្ប៍មក​បញ្ជាក់តាមដែល​យើងអាចរកនឹកឃើញ។ បន្ទាប់មក ត្រូវចេះធ្វើសំយោគ និងចុងក្រោយគឺសេចក្ដីសន្និដ្ឋាន។ បើសិស្សានុសិស្ស អាចធ្វើបែបនេះបាន នឹងទទួលបានពិន្ទុ ហើយសិស្សានុសិស្សក៏មិនមានពេលច្រើនទៀតទេ គឺត្រូវចេះសរសេរទៅតាមក្បួនសរសេរតែងសេចក្ដី។

    សម្រាប់មុខវិជ្ជាគណិតវិទ្យាវិញ សិស្សានុសិស្សត្រូវមើលប្រធានវិញ្ញាសាដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗ និងរៀនធ្វើឱ្យចេះស្ទាត់ គឺអាចរាប់បានថាសង្ឃឹមប្រឡងជាប់បាន៤០% ។ មុខវិជ្ជាគណិតវិទ្យា មានមេរៀនច្រើន អាចចេញមេរៀននេះ ឬចេញមេរៀននោះ ប៉ុន្តែអ្នកចេញវិញ្ញាសាតែងតែរក្សាទុកមេរៀនសំខាន់ៗ ដូច្នេះ សិស្សានុសិស្សត្រូវមើលមេរៀនណាសំខាន់ៗ ព្រោះអាចចេញ​ប្រឡងរាល់ឆ្នាំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា បើធ្វើលំហាត់កាន់តែច្រើន កាន់តែចាំរូបមន្ត ប្រសិនមិនធ្វើ​លំហាត់​ច្រើនទេ មិនអាចចាំរូបមន្តទេ។ កាលណាចាំរូបមន្តហើយកុំឱ្យភ្លេច ត្រូវសរសេរឱ្យបានច្រើន ព្រោះការសរសេរជួយឱ្យចង​ចាំជាងការទន្ទេញចាំមាត់ ហើយក៏ត្រូវមើលមេរៀនសំខាន់ៗផ្សេងទៀតផងដែរ។

    សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តផ្សេងទៀត ដូចជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ត្រូវសង្ខេបមេរៀន។ បើទន្ទេញមេរៀន ត្រូវយល់ព្រោះនៅ​ពេលយល់ច្បាស់នាំឱ្យចងចាំបានយូរ។ ម៉្យាងវិញទៀត មុខវិជ្ជាទាំងនេះ សុទ្ធតែមានលំហាត់ ដែលសិស្សានុសិស្សត្រូវអនុវត្ត​ឱ្យបានច្រើន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ពីមួយឆ្នាំទៅមួយឆ្នាំក្រសួងតែងចេញវិញ្ញាសាខុសគ្នាៗ ដូច្នេះត្រូវរំលឹក និងត្រៀមលក្ខណៈឱ្យបានល្អ និងចេះគ្រប់គ្រងពេលវេលាក្នុងការប្រឡងផងដែរ។

    សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សមុនប្រឡងត្រូវគេងឱ្យលក់ និងគេងបានគ្រប់គ្រាន់, រៀនសមាធិ, ទទួលទានអាហារឱ្យបានគ្រប់គ្រាន់, ហូបទឹកឱ្យបានគ្រប់គ្រាន់, គ្រប់គ្រងអារម្មណ៍កុំឱ្យភ័យ, ផ្ចង់លើការរៀនសូត្រ ចេះសង្ខេបមេរៀន និងចេះស្មានថា អាចប្រឡងចេញមេរៀនអ្វី? ហើយបើចេញមេរៀននោះ ត្រូវសរសេរ​របៀបម៉េច? ។ ដូច្នេះ ក្នុងមួយពេលត្រូវរៀនក្នុងកម្រិតមួយដែលអាចចាំបាន ។ចេះសម្រាកខ្លះ បន្ទាប់មកទើបរៀនថែមទៀត។ ប្រសិនបើសិស្សានុសិស្សព្យាយាម និងអនុវត្តវិធីទាំងនេះក្នុងរយៈពេល២ខែនេះ និងរំលឹកមេរៀនបានគ្រប់មុខវិជ្ជាទាំងអស់។ ទន្ទឹមគ្នានេះ ត្រូវមានការបង្រៀនគាំទ្រ និងសួរនាំលោកគ្រូ អ្នកគ្រូបន្ថែម។

    សូមជម្រាបថា ឆ្នាំនេះ វិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មានសិស្សចំនួន ១៨១នាក់ត្រូវចូលរួម​ប្រឡងបាក់ឌុប ដោយចែកចេញជាបីផ្នែក រួមមាន ថ្នាក់វិទ្យាសាស្រ្ត, ថ្នាក់វិទ្យាសាស្រ្តសង្គម និងផ្នែកអប់រំបច្ចេកទេស៕

    Share This Post: