ភ្លៀងខ្យល់កន្ត្រាក់បាក់រលំដើមឈើសង្កត់មនុស្សនៅខ្លោងទ្វារទន្លេអុំខាងលិច បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង៣នាក់ទៀតរងរបួស
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទេវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងលាយឡំនឹងខ្យល់ កន្ត្រាក់ បណ្តាលឱ្យដើមឈើមួយដើមនៅទន្លេអុំ បានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និង សង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និងរបួសចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់)។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។
ជាមួយគ្នានោះ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរ នៅកន្លែង កើតហេតុរួចរាល់ទាំងស្រុងនៅវេលាម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល៕


