ប្រទេសអូស្ត្រាលីកំពុងព្រមានអំពីហានិភ័យនៃជំងឺកញ្ជ្រិល ស្របពេលមានការកើតឡើងវិញនៃជំងឺនេះ
ប្រទេសអូស្ត្រាលីក្នុងថ្ងៃចន្ទ ទី០៨ បានចាប់ផ្តើមយុទ្ធនាការអប់រំសំខាន់មួយ ដើម្បីលើកទឹកចិត្តប្រជាជនក្នុងស្រុក ជាពិសេសអ្នកដែលធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រិល ចំពេលមានការលេចចេញជាថ្មីជាសាកល។ «ជំងឺកញ្ជ្រិល» គឺការឆ្លងមេរោគតាមអាកាស ដែលបណ្ដាលឱ្យមានគ្រុនក្តៅ ក្អក និងកន្ទួល ដែលអាចបណ្តាលឱ្យស្លាប់នៅក្នុងករណីកម្រមួយចំនួន។ ជំងឺនេះក៏ធ្លាប់ត្រូវបានប្រកាសថា បានបាត់អស់ជាផ្លូវការពីប្រទេសអូស្រ្តាលីទៀតផង ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយវាក៏មានមុខសារជាថ្មី។
ទោះយ៉ាងណាក៏នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន រួមទាំងប្រទេសអូស្រ្តាលីផង ចលនាប្រឆាំងនឹងការចាក់វ៉ាក់សាំង ហាក់ដូចជាមូលហេតុដែលធ្វើឱ្យមានការកើនឡើងវិញនៃជំងឺនេះ។ យោងតាមលោក Greg Hunt រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា ការកើតមានឡើងរបស់ជំងឺកញ្ជ្រិលនៅរដ្ឋ New South Wales ជាមួយនឹងមនុស្ស ២នាក់ ដែលបានទៅកម្សាន្តប្រទេសហ្វីលីពីន នាំឱ្យមានករណីជំងឺកញ្ជ្រឹលចំនួន ៨៣ គិតត្រឹមជិតពាក់កណ្តាលឆ្នាំនេះ ខណៈឆ្នាំមុនមានចំនួន ១០៣ករណី និង ៨១ករណី កាលពីឆ្នាំ ២០១៧៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia