ប្រជាជនថៃនៅភាគខាងជើងប្រហែល ៨,៦០០នាក់ កំពុងមានបញ្ហាជំងឺផ្លូវដង្ហើម ចាប់តាំងពីមានខ្យល់កខ្វក់តាំងពីដើមឆ្នាំ
យោងតាមការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បាននិយាយថា ប្រជាជនជាង ៨,៦០០នាក់ នៅភាគខាងជើងនៃប្រទេសថៃ បានស្វែងរកការព្យាបាលជំងឺផ្លូវដង្ហើម ដែលទាក់ទិននឹងខ្យល់កខ្វក់ចាប់តាំងពីខែមករាមកម៉្លេះ។ ហើយចាប់តាំងពី ខែកុម្ភៈ កំហាប់ខ្យល់ PM2.5 នៅតាមបណ្តាខេត្តភាគខាងជើងបានកើនឡើងហួសពីកម្រិតសុវត្ថិភាព ដែលកំណត់ដោយរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ។ ថ្មីៗនេះកម្រិត PM2.5 នៅក្នុងខណ្ឌ Mae Taeng ខេត្តឈៀងម៉ៃ ក៏បានឈានដល់កម្រិតប្រកាសអាសន្ន ៤៩២.៥៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg / m³) ស្មើនឹង ១០ដង លើសពីកម្រិតសុវត្ថិភាពដែលបានកំណត់នៅក្នុងប្រទេសថៃ និង ២០ដង លើសពីកម្រិតសុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក។
កាលពីម្សិលមិញកម្រិត PM2.5 ជាមធ្យមនៅក្នុងខេត្តភាគខាងជើងចំនួន ៩ គឺស្ថិតនៅចន្លោះពី ៤៧ និង ១២៣ មីក្រូក្រាម/ម៉ែត្រគូប ក្នុងនោះមានដូចជាខេត្ត៖ ឈៀងរ៉ៃ ឈៀងម៉ៃ ឡាំបាំង ឡាំភុន ម៉េហុងសុង ណាន់ ព្រែ ផាយ៉ៅ និងតាក។ យោងតាមនាយកដ្ឋានគ្រប់គ្រងការបំពុលបានឱ្យដឹងថា កម្រិតខ្ពស់បំផុតត្រូវបានគេរាយការណ៍ថា នៅក្នុងភូមិ Jong Kham នៃស្រុក Muang ខេត្តម៉េហុងសុង។ ការដុតដំណាំនៅរដូវប្រាំងត្រូវបានគេបន្ទោសចំពោះគុណភាពខ្យល់អាកាសមិនល្អនេះ ប៉ុន្តែការពង្រីកឧស្សាហកម្មនៅក្នុងទីក្រុង និងចំនួនយានយន្ត ដែលកំពុងកើនឡើងនៅលើផ្លូវថ្នល់ក៏ចូលរួមក្នុងការបំពុលនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ bangkokpost