ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ខេត្តកំពង់ធំរងផលប៉ះពាល់ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ
- August 5, 2024
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ក្នុងចំណោមខេត្តចំនួន១០ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខេត្តកំពង់ធំរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ស្ទឹងសែនដែលធ្លាក់ខ្លាំងមកពីខេត្តព្រះវិហារ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងផលប៉ះពាល់ដោយជំនន់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍ ទី០៣ ខែសីហាឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមសម្ដេចធិបតីជាប្រធានគណៈកម្មការជាតិគ្រប់គ្រងអន្តរាយ សម្ដេចបានចាត់ខ្ញុំចុះពិនិត្យស្ថានភាពទូទាំងប្រទេសមាន១០ខេត្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែខេត្តកំពង់ធំតាមការពិនិត្យប៉ុន្មានថ្ងៃមុននេះឃើញថាប៉ះពាល់ស្រូវប្រមាណជាង១ម៉ឺនហិកតា ហើយរហូតមកដល់ថ្ងៃនេះការខូចខាតជិត២៧០០ហិកតាហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអរគុណចំពោះក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តកំពង់ធំដែលបានរួមគ្នាទប់ទំនប់ដើម្បីបញ្ចៀសទឹកកុំឱ្យហូរចូលខ្លាំងនៅតំបន់ដែលមានផ្ទៃដីស្រូវជាង១ម៉ឺនហិកតា។
ជាមួយគ្នានេះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការទប់ទឹកនៅកន្លែងមួយចំនួនដើម្បីពន្យារពេលកុំឱ្យទឹកជំនន់ទឹកហូរខ្លាំងទុកពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋប្រមូលផលស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បើទឹកជំនន់នៅមិនស្រកឱ្យបានឆាប់រហ័សជាងនេះទេការខូចខាតមានរហូតដល់ជាង ៣០០០ហិកតា។ ឥឡូវនេះស្រូវដែលរងផលប៉ះពាល់នេះយើងមានការព្រួយបារម្ភច្រើនហើយយើងក៏បានត្រៀមលក្ខណៈសម្បត្តិនៅពេលដែលទឹកស្រកទៅវិញនឹងស្នើសុំដល់រាជរដ្ឋាភិបាល ដើម្បីគិតពីបញ្ហាពូជស្រូវដែលត្រូវធ្វើបន្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវប្រជាជននៅក្នុងខេត្តកំពង់ធំ ក៏ដូចជាប្រជាជនទូទាំងប្រទេសត្រូវមានប្រុងប្រយ័ត្នខ្ពស់ និងបានផ្ដល់អនុសាសន៍មួយចំនួនដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុងនឹងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត។
តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤នេះ ទឹកស្ទឹងសែននៅស្ថានីយ៍កំពង់ធំមានកម្ពស់១៣,៩២ម៉ែត្រ ខណៈនៅស្ថានីយ៍ស្រុកសណ្ដាន់ ទឹកមានកម្ពស់១៨,៨៦ម៉ែត្រ មានការស្រកចុះចំនួន០,២០ម៉ែត្រ៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






