សម្ដេចធិបតី ហ៊ុន ម៉ាណែត ធានាអះអាងថា ក្រោយព្រែកជីកហ្វូណនតេជោ សាងសង់រួច នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ
- August 5, 2024
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ។ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រងដោយក្រុមហ៊ុនខ្មែរ។ សម្ដេចធិបតី បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរ ចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងពិធីបើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងបន្តទៀតថា ការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាង នារយៈពេល ៥ឆ្នាំទៀត នឹងធ្វើឱ្យមនុស្សមួយចំនួនគិតតែនាំគ្នាភ័យព្រួយ និងសង្ស័យរឿងបាត់បង់អធិបតេយ្យជាតិ បានឃើញតែច្បាស់ និងលែងសង្ស័យទៀត ព្រោះគម្រោងនេះ មិនត្រឹមតែនាំឱ្យពលរដ្ឋខ្មែរបានផលប្រយោជន៍នោះទេ តែបានរក្សាទឹកដីទៀត ។ ដូច្នេះដើម្បីសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ សម្ដេចធិបតី បានឱ្យរួមសាមគ្គីគ្នាធ្វើយ៉ាងណា ត្រូវនាំគ្នាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ ។
សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជានឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំហ៊ានធានា»។
សូមរំលឹកថា ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលប្រវែងស្ទើរទាំងអស់ជាតម្រាយផ្លូវទឹកធម្មជាតិប្រមាណ ១៣៥គីឡូម៉ែត្រ ក្នុងនោះ ប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ ជាតម្រាយផ្លូវត្រូវជីកតម្រង់ និងប្រវែងប្រមាណ៧គីឡូម៉ែត្រ ជាតម្រាយផ្លូវកាត់ ដើម្បីបន្ថយកំណោង និងចម្ងាយតភ្ជាប់ទៅសមុទ្រ។ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ មានគោលបំណងរួមដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់សុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នារវាងការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនជាតិផ្សេងៗ តភ្ជាប់ ប្រទាក់ក្រឡានឹងប្រព័ន្ធភស្តុភារកម្មជាតិ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






