មកស្គាល់ប្រវត្តិបុរសវ័យចំណាស់ជិះម៉ូតូដឹកប្រពន្ធពីខេត្តបាត់ដំបង ទៅមើលការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដោយផ្ទាល់ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល
- August 7, 2024
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បងប្អូនប្រហែលនៅចាំលោកតាម្នាក់ វ័យក្បែរ៧០ឆ្នាំបានជិះម៉ូតូស៊េរីចាស់ដឹកប្រពន្ធពីផ្ទះនៅខេត្តបាត់ដំង ឆ្ពោះទៅទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅឯស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ ដើម្បីបានមើលឃើញទិដ្ឋភាពបើកការដ្ឋានព្រែកជីកផ្ទាល់ភ្នែក។

សកម្មភាពរបស់លោកតាយាយមួយគូរនេះ ត្រូវបានអ្នកថតរូបចាប់អារម្មណ៍ថតបង្ហោះលើបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនចុះផ្សាយពីពួកគាត់ ធ្វើឱ្យមហាជនមានការកោតសរសើរនិងចាប់អារម្មណ៍ជាខ្លាំង នូវទឹកចិត្តរបស់ពួកគាត់ដែលលះបង់ជិះម៉ូតូងើបតាំងពីយប់ ដើម្បីមកចូលរួមអបអរសាទរផ្ទាល់ដល់គម្រោងព្រែកជីកហ្វូណនតេជោ និងថតរូបទុកអនុស្សាវរីយ៍ឱ្យកូនចៅរបស់គាត់មើលតជំនាន់។
រូបភាពរបស់ប្តីប្រពន្ធមួយគូរខាងលើនេះត្រូវបានបង្ហោះលើបណ្តាញសង្គមមិនត្រឹមតែមានការចាប់អារម្មណ៍ពីមហាជនប៉ុណ្ណោះទេ ក៏បានឆក់យកការចាប់អារម្មណ៍ផ្ទាល់ពីសម្តេចបវធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយសម្តេចបានផ្តល់ថវិការ៥លានរៀល ដល់លោកតា តាមរយៈឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីលើកទឹកចិត្តនូវការលះបង់របស់គាត់។ បន្ថែមពីនោះលោក សុវណ្ណ វីទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ស្តីទីក៏បានដឹកនាំក្រុមការងារទៅសួរសុខទុក្ខនិង នាំយកវត្ថុអនុស្សាវរីយ៍អាវយឺតសម្តេចធិបតីនាយករដ្ឋមន្ត្រី និងគ្រឿងឧបភោគបរិភោគមួយចំនួន តាមរយៈឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ទៅជូនលោកតាយាយខាងលើដល់ផ្ទះផ្ទាល់ផងដែរ ។
លោកតាខាងលើមានឈ្មោះ សាត ឈឿន វ័យ៦៦ឆ្នាំ និង ប្រពន្ធឈ្មោះ ប៊ុន សាមី អាយុ៦២ឆ្នាំ បច្ចុប្បន្នគាត់រស់នៅក្នុងភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានមុខរបរដាំដំណាំផ្លែឈើហូបផ្លែនៅជុំវិញផ្ទះដើម្បីចិញ្ចឹមជីវិត ។បច្ចុប្បនគាត់ក៏មានកូនពីរនាក់ដែរប៉ុន្តែ ពួកគេមានគ្រួសារនិងបែកផ្ទះរៀងខ្លួនអស់ទៅហើយ នៅសល់តែគាត់ពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ។
ប្រវត្តិលោកតាសាត ឈឿនធ្លាប់ធ្វើជាទាហានរហូតដល់ឆ្នាំ ១៩៩១ លោកបានវិលមកតាំងទីលំនៅជួបជុំប្រពន្ធកូន នៅភូមិស្វាយបីដើមដោយប្រកបរបរធ្វើស្រែចំការ។ហើយក្នុងអំឡុងឆ្នាំ ២០១៥ ដល់ ២០១៨ លោកត្រូវបានជ្រើសរើសឱ្យធ្វើជាមេភូមិស្វាយសរយៈពេល៤ឆ្នាំផងដែរ ចាប់ពីឆ្នាំ២០១៥និង២០១៨ ហើយបច្ចុប្បន្នគាត់គឺជាកសិកររស់នៅអាស្រ័យការដាំដុះដំណាំកសិកម្មជុំវិញផ្ទះដើម្បីចិញ្ចឹមជីវិត ។
លោកតាសាត ឈឿន បានបញ្ជាក់ថាដោយគាត់ដឹងដំណឹងថារាជរដ្ឋាភិបាលនឹងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅឯស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ គាត់នឹងប្រពន្ធមានចិត្តចង់ទៅឃើញការបើកកាដ្ឋានផ្ទាល់ភ្នែក និងចង់ថតរូបអនុស្សាវរីយទុកផង ដោយគាត់យល់ថាគម្រោងព្រែកជីកនេះជាគម្រោងអស្ចារ្យ មិនដែលមានក្នុងប្រទេសកម្ពុជា ហើយអាចទុកឱ្យប្រជាជនប្រើប្រាស់តកូនចៅរាប់រយរាប់ពាន់ឆ្នាំទៅមុខទៀត បើមិនទៅមើលពេលនេះទេមិនដឹងមានឱកាសបានឃើញគម្រោងព្រែកជីកផ្ទាល់ភ្នែក រឺអត់នោះទេបើគាត់វ័យកាន់តែចាស់ទៅហើយ។
តាយាយបានរៀបរាប់ថាគាត់បានជិះម៉ូតូសង់សេរីចាស់ផលិតឆ្នាំ១៩៩៥ ងើបតាំងពីម៉ោង៥បៀតភ្លឺ ថ្ងៃទី០៤ខែសីហា ដោយវិចទឹក និងបាយកញ្ចប់ជាមួយនឹងលុយ១៨ម៉ឺនរៀលដើម្បីធ្វើសាហ៊ុយចាយវាយតាមផ្លូវ។ការធ្វើដំណើរពីរនាក់តាយាយចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រ ដែលចំណាយពេលជាង៨ម៉ោង ពួកគាត់បានមកដល់គោលដៅ ដែលជាទីកន្លែងបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅម៉ោងជាងមួយរសៀលថ្ងៃដដែល។
ពួកគាត់បានមកដល់ទីតាំងក៏មានចិត្តរំភើបរីករាយដែលបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពកន្លែងប្រារព្ធពិធី ដែលមានគ្រឿងចក្រជាច្រើន និងសម្ភារៈទំនើបៗដើម្បីត្រៀមក្នុងថ្ងៃបើកកាដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី០៥សីហា។ លោកតាលោកយាយបានរកកន្លែងសម្រាកមួយយប់ដើម្បីរង់ចាំមើលការបើកកាដ្ឋានព្រែកជីកនៅថ្ងៃស្អែក និងថតរូបទុកអនុស្សាវរីយ៍។
លុះព្រឹកឡើងក្រោយពីមើលឃើញទិដ្ឋភាពផ្ទាល់ភ្នែកនៅការបើកកាដ្ឋានព្រែកជីកហ្វូណនតេជោរួចហើយគាត់បានសម្លឹងរកអ្នកក្បែរខ្លួនដើម្បីឱ្យជួយថតរូបឱ្យគាត់ដើម្បីទុកជាអនុស្សាវរីយ៍ និងឱ្យកូនចៅមើលចងចាំទុកតជំនាន់ ។ ប៉ុន្តែពេលនោះអ្នកសារព័ត៌មាននៅក្បែរនោះ បានសួរនាំគាត់ និងបានថតរូបពួកគាត់ចុះផ្សាយ ធ្វើឱ្យមហាជនចាប់អារម្មណ៍ នឹងបានឃើញដល់សម្តេចបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចបវធិបតីក៏បានផ្តល់ថវិការតាមរយៈឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចំនួន៥ លានរៀលដល់ពួកគាត់ទាំងពីរជាការលើកទឹកចិត្ត ខណៈដែលពួកគាត់បានជិះម៉ូតូ មកដល់ខេត្តបាត់ដំបងវិញនាល្ងាច ថ្ងៃបើកការដ្ឋានព្រែកជីកនោះ។
លោក សាត ឈឿន និងប្រពន្ធ មានការរំភើបជាខ្លាំងដែលបានឃើញនៅទិដ្ឋភាពផ្ទាល់ភ្នែកនៃគម្រោងព្រែកជីកហ្វូណនដែលជាសមិទ្ធផលជាតិសម្រាប់ប្រើប្រាស់តជំនាន់រាប់រយ ពាន់ឆ្នាំ និងថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាប់អារម្មណ៍ នឹងយកចិត្តទុកដាក់មកលើរូបគាត់ជាមួយប្រពន្ធដែលជាប្រជាជនសាមញ្ញ។
អនុស្សាវរីយទាំងនេះលោក តា សាតឈឿន ក៏បានកត់ក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់គាត់ និងបិទរូបថតដែលគាត់ថតជាមួយប្រពន្ធនៅលើជញ្ជាំងផ្ទះដើម្បីទុកឱ្យកូនចៅមើល និងទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងជីវិតរបស់លោក៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






