ព័ត៌មានជាតិ

ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

BY
Khmernote Media
August 8, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៤ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា,ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក៏ដូចជា គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាកម្ពុជាចម្រុះជាច្រើនរូប។

ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដមបណ្ឌិតបន្តថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ក្រោមស្មារតីអភិរក្សដើម្បីអភិវឌ្ឍ។ អភិវឌ្ឍន៍ដើម្បីអភិរក្ស «មរតកគុនខ្មែរបុរាណ» ។

ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» នេះដែរ គឺឯកឧត្ដមផ្ទាល់ជាប្រធាន និងឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្តទទួលធ្វើម្ចាស់ផ្ទះ ជាអនុប្រធាន។ចំណែកឯកឧត្តម វ៉ាត់ ចំរើន បានណែនាំដល់គ្រូបង្វឹកតាមសហព័ន្ធ កីឡានីមួយៗ ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្វឹកដល់ កីឡាករ កីឡាការិនី របស់ខ្លួនធ្វើយ៉ាងណា ត្រូវតែគោរពគោលការណ៍សំខាន់ៗ ដូចជា វិន័យ និងបច្ចេកទេស ជាដើម ។ ជាពិសេសកីឡាករ កីឡាការិនី ទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ឱ្យកាន់តែខ្លាំងថែមទៀត មិនត្រូវធ្វេសប្រហែសឡើយ ។

យោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ការចុះឈ្មោះទទួលពាក្យកីឡាករ កីឡាការិនី ចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» នឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ និងចូលរួមដោយសេរី ។ សម្រាប់ការប្រកួតមាន២ប្រភេទ គឺ ប្រយុទ្ធ និងសម្ដែង។ ចំពោះប្រភេទសម្ដែងមានពីចន្លោះអាយុ១៥ឆ្នាំដល់៧០ឆ្នាំ។ មហាជន និងចាស់ព្រឹទ្ធាចារ្យដែលមិនចំណុះសហព័ន្ធ មានបំណងចង់ចូលរួមបង្ហាញសមត្ថភាព អាចទាក់ទងចុះឈ្មោះបានតាមរយៈលេខទូរសព្ទ 010336912 ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: