ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ

BY
Khmernote Media
August 8, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងអំឡុងពេលដែលឯកឧត្តម និងមន្ត្រីជំនាញ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន១៩៨៤០ប័ណ្ណមកពី៣០ភូមិ ស្ថិតនៅឃុំអង្គពពេលនិង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗ ដែលកន្លងមកជួបបញ្ហាទាំងនេះ ហើយតែងតែធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។ ដូចច្នេះការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ របស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងអនុវត្តន៍យ៉ាងសកម្មលើគោល នយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ប្រជាពលរដ្ឋ ដែលជាម្ចាស់ ដីធ្លីទាំងអស់ត្រូវចូលរួមសហការជាមួយ ក្រុមការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការវាសវែងដីធ្លីឱ្យបានលឿន ហើយការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនអ្នកភូមិ យើងនាពេលនេះ គឺដើម្បីឱ្យមានប័ណ្ណ កម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា។ ការចុះបញ្ជី ដីធ្លីនៅពេលនេះគឺចុះបញ្ជីទាំងដីរដ្ឋនិងដីឯកជន ដែលអនុវត្តន៍ទៅតាមនីតិវិធី និងបច្ចេកវិទ្យាសាស្រ្តទំនើប មានតម្លាភាពនិងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក បាននិងកំពុងអនុវត្តន៍ហើយមាន ប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: