កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឆ្មក់ចូលចាប់ និងរំដោះនារីដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេ ១កន្លែង ក្នុងស្រុកសំរោងទង
- August 9, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កំលាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពីលោកស្រី ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបានកិច្ចដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ រួមជាមួយក្រឡាបញ្ជីនិងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បេីកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែងដែលមាន យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាក់ស្តែងទីតាំងខាងលើ សមត្ថកិច្ចរកឃើញថាពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុអោយចូលមកបម្រើការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និងអាចមានការសង្ស័យ លួចអនុញ្ញាតអោយផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៥នាក់ ដែលអាចមានការពាក់ព័ន្ធបើកទីតាំងខាងលើ (ក្នុងពេលប្រតិបត្ដិការគឺអ្នកទាំង៥មានវត្ដមានស្ថិតក្នុងទីតាំង)។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលបានកំពុងដំណើរការនីតិវិធីសាកសួរលើបុគ្គលសង្ស័យទាំង៥ ក្នុងការរកឱ្យឃើញអ្នកទទួលខុសត្រូវនិងបន្ដចំណាត់ការដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


- Share This Post:






