ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន កំពុងស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ លើជនខិលខូចក្លែងបន្លំ Logo និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ

BY
Khmernote Media
August 9, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អគ្គនាយកដ្ឋាន កំពុងស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ លើជនខិលខូចក្លែងបន្លំ Logo និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ដែលប្រើឈ្មោះលោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមបដិសេធទាំងស្រុង ចំពោះលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលជនខិលខូចបានក្លែងបន្លំចេញ និងប្រើប្រាស់ឡូហ្គូ (Logo) និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងឈ្មោះ និងហត្ថលេខារបស់លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លិខិតនេះជា លិខិតក្លែងក្លាយ ពុំមែនចេញដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារនោះទេ។

លិខិតរដ្ឋបាលនានារបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានលេខកូដ និង បារកូដសម្គាល់ច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់តាមរយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) របស់អគ្គនាយកដ្ឋានពន្ធដារ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាមីសហគ្រាស និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវ ច្បាប់លើករណីក្លែងបន្លំនេះ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

Share This Post: