រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ បានធ្វើអោយប្រជាពលរដ្ឋ៤ខេត្តមានកំណើនសេដ្ឋកិច្ច
- August 10, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មីៗនេះ បានប្រាប់ទូរទស្សន៍ជាតិថាចាប់តាំងពីមានកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ ពីឆ្នាំ១៩៩៩ ដែលរយៈពេល ២៥ឆ្នាំកន្លងមកនេះ បានធ្វើអោយផលិតផលសរុបនៅក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗនៃប្រជាពលរដ្ឋនៅក្នុងខេត្តទាំង៤ គឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី នៅក្នុងឆ្នាំ២០២២ កន្លងនេះ មានចន្លោះ១៦៣០ដុល្លារក្នុងម្នាក់។ មានន័យថាជាមធ្យមភាគមួយប្រហាក់ប្រហែលជាមួយបរិមាណផលិតផលសរុបក្នុងស្រុករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះពីមុនជាតំបន់ដាច់ស្រយាលមិនមានការអភិវឌ្ឍន៍ តែពេលនេះក្លាយជាតំបន់តភ្ជាប់ ដែលនាំអោយមានកំណើន ទាំងស្ថិតិប្រជាពលរដ្ឋក៏កើនឡើង កំណើនផលិតកម្មក៏មានការកើនឡើងដែរ។

ទន្ទឹមនេះទៀត សមិទ្ធផលពាណិជ្ជកម្មសម្រាប់កម្ពុជាដែលយើងទទួលបានគឺ ផលិតផលក្នុងស្រុករបស់ខេត្តទាំង៤គឺមានការកើនឡើង បង្កើតបានជាតុល្យភាពដែលកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍន៍ ដែលពីមុនមកជាតំបន់ដាច់ស្រយាលនៅជាប់ព្រំដែន ពិបាកឆ្លងកាត់ ដែលការអភិវឌ្ឍមានភាពយឺតនិងតិចតួច បើធៀបនឹងតំបន់នៅជិតទីប្រជុំជន ក្រុងភ្នំពេញ។
លោកជំទាវ ចម និមល បានបង្ហាញអោយឃើញថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណក៏បានធ្វើអោយប្រទេសទាំង៣គឺកម្ពុជា ឡាវ និង វៀតណាម មានការរីកចំរើនផ្នែកសេដ្ឋកិច្ចដោយបានបញ្ជាក់ថា ការតភ្ជាប់សេដ្ឋកិច្ចនេះ អនុញ្ញាតអោយកំណើនពាណិជ្ជកម្មកើតមានឡើង ដែល ឮសមិទ្ធផលជារួមសម្រាប់ត្រីភាគីគឺជាការតភ្ជាប់សេដ្ឋកិច្ចរបស់យើងហើយនិងការបង្កើនឡើងនូវកំណើនពាណិជ្ជកម្មនិងកសិពាណិជ្ជកម្មរបស់ត្រីភាគីនេះ។
ជាមួយគ្នានេះយើងឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវក៏មានការកើនឡើង។ ជាក់ស្តែង នៅក្នុង៧ខែដើមឆ្នាំ២០២៤ យើងនេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានិងឡាវមានកំណើន ១០ភាគរយ។
ហើយនៅក្នុងនោះការនាំចេញរបស់កម្ពុជាទៅឡាវមានការកើនឡើងរហូតទៅដល់ ២៧២ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំពោះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងវៀតណាមក៏មានការកើនឡើង ២៤ភាគរយដែរ ហើយនៅក្នុងនោះកំណើននៃការនាំចេញពីកម្ពុជាទៅវៀតណាមមានការកើនឡើង ៣៨ភាគរយ នៅក្នុង៧ខែដើមឆ្នាំ២០២៤យើងនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន បង្ហាញអោយឃើញថា ស្របពេលជាមួយគ្នានេះ តាមរយៈការបង្កើតកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តល់ឱកាសចំណេញចំពោះកម្ពុជា។ យើងឃើញថានៅក្នុងនោះកម្ពុជាក៏បានទទួលនូវការវិនិយោគលើគម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដែលផ្នែកនៅខាងកម្ពុជា មានគម្រោងអាទិភាពចំនួន ៥ ដែលជាហិរញ្ញប្បទានក្របខណ្ឌ CLV របស់ជប៉ុន។ ហើយយើងដឹងហើយថាជប៉ុន គឺដៃគូសន្ទនាមួយដ៏ពិសេសរបស់អាស៊ានផងដែរ។
សមទ្ធផលទាំងអស់នេះក៏យើងឃើញថាមានការចូលរួមមិនថាជាការវិនិយោគសាធារណៈរបស់ប្រទេសរៀងៗខ្លួន ទាំងការវិនិយោគឯកជន ក៏ដូចជាការវិនិយោគរបស់ដៃគូអភិវឌ្ឍន៍ដែលនៅក្នុងនោះយើងឃើញថាតាំងពី២០១២ មកកម្ពុជាយើងមាននៅតួលេខចំនួន៣០២ ជាគម្រោង ODA (Oversea development Assistance) ដែលនិយាយតែផ្នែកកម្ពុជានិងមានដៃគូអភិវឌ្ឍន៍ មានដូចជា World Bank មាន ADB មាន USAID មានILO និងបណ្តាប្រទេសពីខាងអឺរ៉ុប មានបារាំង បែលហ្សិក អេស្បាញ ស៊ុយអែតជាដើម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានធ្វើការបូកសរុបថា ការអភិវឌ្ឃន៍ការតភ្ជាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណនេះ អនុញ្ញាតអោយមានការចូលរួមវិនិយោគទាំងដៃគូអភិវឌ្ឍន៍ផង ទាំងដៃគូវិនិយោគក្នុងស្រុកផង ទាំងនៅក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា ការបង្ហាញអំពី កំណើនចំណូលរបស់ប្រជាពលរដ្ឋនៅ ៤ខេត្តនៅតំបន់ភាគឦសាននេះ បានធ្វើឡើងបន្ទាប់ពីមានការឃោសនាព័ត៌មានបំពុលសង្គមថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានកាត់ទឹកដី ៤ខេត្តទៅអោយប្រទេសវៀតណាម៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






