កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៣នាក់ បន្ទាប់ពីបើកឆាកប្រយុទ្ធគ្នា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT
- August 10, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយយោងតាមបណ្ដឹង និងកាមេរ៉ាសុវត្ថិភាព បានបង្ហាញថានាយប់ថៃ្ងទី០៥ ខែសីហា ឆ្នាំ២០២៤ មានក្រុមជនសង្ស័យមិនស្គាល់អត្ដសញ្ញាណមួយក្រុមបានបើកឆាកប្រយុទ្ធដេញកាប់ទៅភាគីម្ខាងទៀតដែលកំពុងតែអង្គុយនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPtt នៅថ្នល់ទទឹង ដោយបានដេញកាប់ដោយកាំបិតផ្គាក់ជាច្រើនដើម និងបានកាប់បំផ្លិចបំផ្លាញម៉ូតូភាគីម្ខាងទៀតចំនួន០៤គ្រឿង រួចគេចខ្លួនបាត់។

ដោយបានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាលចុះសហការជាមួយកំលាំងស្រុកសំរោងទង បើកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមក្មេងទំនើងនិងឃាត់បាន ០៣នាក់៖
១.ឈ្មោះ ជិន សុវណ្ណរាជ ហៅក្រាញ់ ប្រុស ១៦ឆ្នាំ រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង
២.ឈ្មោះ ផល សុភត្រ្តា ហៅត្រា ប្រុស ១៥ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង
៣.ឈ្មោះ ឃី សុខវីន ប្រុស ១៤ឆ្នាំ រស់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានឆ្លើយនិងបញ្ជាក់ថាក្រុមខ្លួន មានបក្ខពួកសរុបប្រមាណ០៧នាក់ ជិះម៉ូតូដោយមានកាំបិតផ្គាក់ច្រើនដើម ដាក់តាមម៉ូតូ បានធ្វើសកម្មភាពដេញកាប់ក្រុមម្ខាងទៀតដែលជាគូសត្រូវ ពេលធ្វើសកម្មភាពរួចក្រុមខ្លួនបានជិះម៉ូតូគេចខ្លួនភ្លាមៗ។
ដោយមានការយកចិត្ដទុកដាក់និងការបញ្ជាដឹកនាំច្បាស់ កិច្ចសហការល្អ កំលាំងនគរបាលស្រុកសំរោងទង និងជំនាញព្រហ្មទណ្ឌស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនមុខសញ្ញាសង្ស័យជាក្រុមជនដៃដល់ និងបក្ខពួកមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចំណាត់ការតាមនីតិវិធីបន្ដ៕ ទស្សនាវីដេអូខាងក្រោម៖
- Share This Post:






