ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រៃវែង៖ មនុស្សម្នាក់ ត្រូវដាំដើមឈើឲ្យបានមួយដើម ដើម្បីជាប្រយោជន៍ដល់មនុស្ស សត្វ និងពិភពផែនដី

    BY Khmernote Media August 10, 2024
    អភិបាលខេត្តព្រៃវែង៖ មនុស្សម្នាក់ ត្រូវដាំដើមឈើឲ្យបានមួយដើម ដើម្បីជាប្រយោជន៍ដល់មនុស្ស សត្វ និងពិភពផែនដី

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកម្មពិធីដាំកូនឈើ ក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅវត្តពោធិរតនារាម(ហៅវត្តត្នោត) ក្នុងស្រុកពោធិ៍រៀង ដែលស្ថិតនៅក្នុងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

    ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងផ្តល់ជម្រកសត្វ, ផ្តល់ឈើសម្រាប់ប្រើប្រាស់, ជួយរក្សាលំនឹងនៃ សីតុណ្ហភាព, ជួយបន្សុទ្ធបរិយាកាស, ជារបាំងខ្យល់ព្យុះ ជួយទប់ទឹកជំនន់ និងធ្វើឲ្យដីមានជីជាតិ, ជួយទាកទាញទឹកភ្លៀង ការពារសំណ៌កដីជាដើម។ល។

    ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធាន ដ៏សំខាន់នេះឱ្យបានគង់វង្ស ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម»។

    ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នាៗ ដើម្បីចូលរួមចំណែក ក្នុងការបង្កើន នៅបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ។

    លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានលើកឡើងថា ដើម្បីអបអរសាទរបុណ្យ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ផង ដោយមានការឯកភាពពីរឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាល ព្រៃឈើព្រៃវែង បានកំណត់យកទីតាំងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ១,០០០ ដើម មាន បេង គគីរ ឈើទាល ក្រញូង ធ្នង់ នាងនួនជាដើម។ល។ ដាំនៅក្នុងវត្តនេះដើម្បីទុកជាប្រយោជន៍រួមតើក្មេងចំណុចក្រោយស្គាល់ផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: