ឃាត់ខ្លួនជនសង្ស័យ ១រូប ពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមរូបភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក និងខ្ចីប្រាក់សាច់ញាតិ
- August 10, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរូបភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក (Facebook) និងខ្ចីប្រាក់សាច់ញាតិ មិត្តភក្កិ អាជីវករ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ១រូប ឈ្មោះ ហ.ត ភេទប្រុស ជនជាតិខ្មែរ និងបានសារភាពថា ខ្លួនបានលួងលោម បោកបញ្ឆោត យកអត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីធនាគារ ដើម្បីធ្វើជាមធ្យោបាយទទួលផលនៃបទល្មើសឆបោកប្រាក់ក្រោមរូបភាពខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
- Share This Post:






