ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា

BY
Khmernote Media
August 10, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចកំណត់អំពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីធានានិរន្តរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព។

យោងតាមអនុក្រឹត្យ ក្នុងមាត្រា៣ វាក្យសព្ទបច្ចេកទេសសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះមាននិយមន័យដូចខាងក្រោម៖

-ច្បាប់ឈប់ប្រចាំឆ្នាំសំដៅដល់ការអនុញ្ញាតឱ្យឈប់ដោយផ្អែកលើសិទ្ធិរបស់មន្ត្រីនគរបាលជាតិកម្ពុជា បន្ទាប់ពីបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
-ច្បាប់ឈប់រយៈពេលខ្លី សំដៅដល់ការអនុញ្ញាតឱ្យឈប់ដោយផ្អែកលើមូលហេតុពិតប្រាកដ ដូចជា ការរៀបអាពាហ៍ពិពាហ៍ ការព្យាបាលជំងឺ ការចូលរួមមរណទុក្ខ ជាដើម។
-ច្បាប់ឈប់សម្រាកលំហែមាតុភាព សំដៅដល់ការអនុញ្ញាតឱ្យឈប់ដោយផ្អែកលើសិទ្ធិរបស់មន្ត្រី នគរបាលជាតិកម្ពុជាជាស្ត្រី មុននិង/ឬក្រោយពេលសម្រាល។
-ច្បាប់ឈប់សម្រាកព្យាបាលជំងឺ សំដៅដល់ការអនុញ្ញាតឱ្យឈប់ចំពោះមន្ត្រីនគរបាលជាតិកម្ពុជា ដែល មានជំងឺរ៉ាំរ៉ៃ ត្រូវការរយៈពេលឈប់សម្រាកព្យាបាលតាមវេជ្ជបញ្ជានៃគ្រូពេទ្យមានសមត្ថកិច្ច។
-ច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន សំដៅដល់ការអនុញ្ញាតឱ្យឈប់ចំពោះមន្ត្រីនគរបាល ជាតិកម្ពុជា ដែលត្រូវការពេលវេលាដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនឬគ្រួសារ ។

ក្នុងមាត្រា៤៖ មន្ត្រីនគរបាលជាតិកម្ពុជាដែលបានតាំងស៊ប់ក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់ប្រចាំឆ្នាំ ចំនួន១៥ (ដប់ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការក្នុង១ (មួយ)ឆ្នាំ

រយៈពេលឈប់នេះ ត្រូវបានកាត់បន្ថយទៅតាមចំនួនសមាមាត្រចំពោះមន្ត្រីនគរបាលជាតិកម្ពុជា ដែលអនុវត្តច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ឬច្បាប់ឈប់សម្រាកព្យាបាលជំងឺ ឬស្ថិតនៅក្នុង ភាពទំនេរគ្មានបៀវត្សតាមពាក្យស្នើសុំក្នុងអំឡុងពេលខាងលើ។ មន្ត្រីនគរបាលជាតិកម្ពុជា អាចស្នើសុំច្បាប់ឈប់ប្រចាំឆ្នាំនេះមួយលើកឬច្រើនលើក។

ខាងក្រោមនេះជាអនុក្រឹត្យ៖

ប្រភព៖​ ក្រសួងព័ត៌មាន – Ministry of Information

Share This Post: