កីឡាករប្រណាំងរថយន្ត ២រូប ប្តេជ្ញាយកពានអោយបានល្អ ពីការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី
- August 12, 2024
(ថៃ)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករ ប្រណាំងរថយន្តកម្ពុជា ២រូប រួមមាន៖ កីឡាករ វង្ស គឹមហួត និងហេង បញ្ញា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងយកពានឱ្យបាន ពីការប្រណាំងរថយន្តកម្រិតអាស៊ី ដែលមានជើងខ្លាំងៗមកពី១០ប្រទេស។ ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបើក ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី (Asia Cross Country Rally 2024) នៅខេត្តសូរ៉ាត់ថានី ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

អតីតម្ចាស់ពាន class សាំង ឆ្នាំ២០២២ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ ធ្លាប់ចូលរួមការប្រណាំង កម្រិតអាស៊ី មួយនេះ រយៈពេលជាង១០ឆ្នាំ ជាអ្នកបើកបរ និងជាជំនួយការ អ្នកបើកបរ បានបង្ហាញជំនឿចិត្តខ្ពស់ជាមួយ ដៃគូរបស់ខ្លួន នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព សហការគ្នាអោយល្អទាំងក្រុម SERVICE និងក្រុមការងារ ដើម្បីស្វែងរកជ័យជំនះ ជូនកម្ពុជា ឲ្យបាន។ កីឡាករ ពោលពេញដោយបទពិសោធន៍រូបនេះ បន្ថែមថា ការប្រណាំង Rally ឆ្នាំនេះ មានរថយន្ត ចូលរួមច្រើន រហូត៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី១០ប្រទេស សិតសឹងតែជាជើងខ្លាំង ជាមួយនឹងរថយន្ត ប្រណាំងថ្មី ហើយខ្លាំងជាងមុន ជាចំនុចដែលយើងត្រូវបង្កើន ការប្រុងប្រយ័ត្ន លើការបើកបរ ការបង្ហាញផ្លូវ ជាពិសេស គឺម៉ាស៊ីនរថយន្ត ផ្នែកខាងក្រោម និងប្រព័ន្ធសុវត្ថិភាព ពីដំណាក់កាលទី១ រហូតដល់ដំណាក់កាល ចុងក្រោយ។
ការប្រណាំងឆ្នាំ២០២៣កន្លងទៅ យើងមានបញ្ហាម៉ាស៊ីនចូលទឹក ជារឿងមិននឹកស្មានដល់ធ្វើឱ្យយើងមានបញ្ហា តែមួយដំណាក់កាល គឺដំណាក់កាលទី៥ (DNF) ធ្វើអោយធ្លាក់ចំណាត់ថ្នាក់ និងបញ្ចប់ត្រឹមលេខ១១ ក្នុងចំណោមរថយន្តប្រណាំងសរុប ៤១គ្រឿង។
កីឡាករ វង្ស គឹមហួត បានឱ្យដឹងទៀតថា ថ្ងៃនេះមុនពិធីបើកក៏មានការត្រួតពិនិត្យបច្ចេកទេសរថយន្ត ប្រព័ន្ធសុវត្ថិភាព និងចែកសៀវភៅបង្ហាញផ្លូវ (Road Book) ប្រជុំបច្ចេកទេសពីលក្ខខន្តិកៈផ្សេងៗជូនកីឡាករប្រណាំងពីថ្ងៃបើករហូតដល់ថ្ងៃបញ្ចប់។
ដោយលែកកីឡាករវ័យក្មេង ហេង បញ្ញា បានបញ្ជាក់ថា ឆ្នាំនេះមិនងាយស្រួលទេ ដោយកីឡាករខ្លាំងៗ រថយន្តច្រើនបានចូលរួមលើសពីឆ្នាំមុនៗទៀត។ អញ្ចឹងយើងអាចនិយាយថាឆ្នាំនេះពិបាកបន្តិច តែយើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ។ សម្រាប់ដំណាក់កាលទី១ គឺប្រណាំងនៅក្នុងខេត្តសូរ៉ាតថានី រីឯដំណាក់កាលទី២ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន ៕













ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






