ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី២

BY
Khmernote Media
August 12, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី២ ក្នុងនោះមានបេក្ខជន ៤,៣២១នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងវិញ្ញាសាសរសេរលើកទី១ ត្រូវបានចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ដែលបានចាប់ផ្តើមនៅម៉ោង ១២៖០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមគ្នាក្នុងពេលតែមួយ។

មិនខុសពីសព្វដងទេ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងតែអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែង ដើម្បីធានាថា ការប្រឡងប្រជែង ប្រព្រឹត្តទៅបានរលូន និងស្របទៅតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមនិយាមនីតិវិធីជ្រើសរើសមន្ត្រីរាជការស៊ីវិល ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: