ព័ត៌មានជាតិ

អបអរសាទរ! ខេត្តរតនគិរីជាខេត្តទី៩ ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

BY
Khmernote Media
August 12, 2024

ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ ខេត្តរតនគិរី ដែលជាខេត្តទី៩ ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

អង្គពិធីបានរៀបចំហែពានជ័យលាភីអមដោយផែនមន្រី្តរាជការ ផែនកងកម្លាំងប្រដាប់អាវុធផែន ស.ស.យ.ក ផែនយុវជនកាកបាទក្រហម ផែនយុវជនស្រលាញ់សន្តិភាព ផែនជនជាតិដើមភាគតិច សរុបប្រមាណ១២ផែនចេញពីមុខ សាលាខេត្តឆ្ពោះមករង្វង់មូលនាគព័ន្ធ ក្រុងបានលុង រួចចូលមកបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដែលជាកន្លែងប្រារព្ធពិធី។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីរីករាយដែលខេត្តរតនគិរី ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ប្រកបដោយមោទកភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តម។ ឯកឧត្តម ញ៉ែម សំអឿន បន្តថា ជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកអាស្រ័យដោយមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសការចង្អុលបង្ហាញណែនាំពី ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ជាពិសេសការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់សុខភាព អនាម័យ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

ហើយ សមិទ្ធផល នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាលខេត្តរតនគិរី នាពេលនេះ គឺពិតជា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋខេត្តរតនគិរី បានបង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថា បើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពទាំងរូបរាងកាយនិងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ស្ថានភាព នៃការបញ្ចប់បន្ទោបង់ពាសវាល ពាសកាល(ODF)ខេត្តរតនគិរី គឺជាមោទនភាពធំធេងណាស់ សម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តរនគិរីទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើងដោយសារ ចូលរួមសហការគ្នាគ្រប់ភាគីពាក់ព័ន្ធក្នុងការ តាំងចិត្ត ការប្តេជ្ញាចិត្ត រួមគំនិតគ្នាធ្វើ ដើម្បីទទួលបាននូវ ជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF)នាពេលនេះ ក្នុងនាមរដ្ឋបាលខេត្តរតនគិរី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានប្តេជ្ញាចិត្ត ដាក់ចិត្ត ដាក់កាយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានលះបង់ពេលវេលា ដូចជាការគាំទ្រសម្ភារៈថវិកាចុះផ្ទៀងផ្ទាត់ (ODF) ការសាងសង់បង្គន់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបាន ត្រួតពិនិត្យតាមដានជំរុញដល់រដ្ឋបាលក្រុង /ស្រុក តាមរយៈកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចវេទិកានានានៅថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ និង អនុវត្តន៍តាមគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយមានការ ចូលរួមសហការពីថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋដែលមិនអាចខ្វះបានពីព្រោះថាការរស់នៅរបស់ពលរដ្ឋ សព្វថ្ងៃមានភាពស៊ីវិល័យទៅតាមការរីកចម្រើននៃប្រទេសជាតិ ដែលត្រូវការភាពស្អាត និងអនាម័យល្អ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងក្នុងពិធីប្រកាសជ័យលាភីខេត្តរតនគិរី ជាខេត្តODF ថា ខេត្តរតនគិរី បានកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលដ្ឋតាមរយៈការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ នេះបានធ្វើឱ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់ពីការបរិភោគទឹកគ្មានសុវត្ថិភាព ទៅជាបរិភោគ ទឹកដែលមានសុវត្ថិភាព ហើយពីការបន្ទោបង់ពាសវាលពាសកាល ទៅជាការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅ ដែលមានភាពស៊ីវិល័យ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការសម្រេច បានខេត្តODFគិតត្រឹមថ្ងៃនេះ មានចំនួន ៩ខេត្ត រួមទាំងខេត្តរតនគិរីផងដែរ។ ហើយថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលខេត្តរតនគិរីជាខេត្តទី៩នៅកម្ពុជា សម្រេចបានជាខេត្ត ODF។ ការសម្រេចនេះ គឺមានន័យថា នៅខេត្តរតនគិរីគ្រប់ខ្នងផ្ទះ ទាំងអស់មានបង្គន់ អនាម័យផ្ទាល់ខ្លួននិង មានបង្គន់អនាម័យ ប្រើប្រាស់រួមគ្នា។

បច្ចុប្បន្ននេះ ក្រសួងបានកំពុងតែ អនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកការសម្អាត និង អនាម័យ ជនបទនៅទូទាំង ប្រទេស។ ក្រសួងបានគ្រោងថា នៅឆ្នាំ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន១០០ភាគរយនៅ ទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំ ថា រដ្ឋបាលខេត្តរតនគិរី និងភាគីពាក់ព័ន្ធ ទាំងអស់ នៅតែបន្តការចូលរួម និងជំរុញការងារ ផ្គត់ផ្គង់ ទឹក និងអនាម័យជនបទ ពិសេសការ រិះរកយន្តការរក្សា និរន្តរភាព ខេត្តODF នេះ ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យ ក្នុងការទទួលបាននៃការគ្របដណ្តប់ ១០០ភាគរយ នៅទូទាំងប្រទេសនៅឆ្នាំ២០៣០៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

Share This Post: