សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាលទ្ធផលមិនគាប់ប្រសើរ ប្រតិភូកីឡាកម្ពុជា បំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី១២ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា៖ បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ។
សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន ៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕







ប្រភព៖ ក្រសួងព័ត៌មាន