សន្លឹកកិច្ចការ ៨,៦៤២ច្បាប់ របស់បេក្ខជន ៤,៣២១នាក់ បានចាប់ផ្តើមកែហើយ
- August 13, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា បន្ទាប់ពីប្រឡងចប់មួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចការ នឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) ចំនួន ៨,៦៤២ច្បាប់ របស់បេក្ខជន ៤,៣២១នាក់ ដែលទើបតែបញ្ចប់កាលពីម្សិលមិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជន រួមទាំងបេក្ខជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៨៖០០ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕







ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
- Share This Post:






