ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា៖ គួរដាក់បម្រាមរថយន្តធុនធំ ផ្អាកធ្វើចរាចរណ៍ក្នុងរយៈពេលកំណត់ណាមួយនៃពិធីបុណ្យធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

BY
Khmernote Media
August 13, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យ គួរដាក់បម្រាមរថយន្តធុនធំ ផ្អាកធ្វើចរាចរណ៍ក្នុងរយៈពេលកំណត់ណាមួយនៃពិធីបុណ្យធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

តាមរយៈខ្លឹមសារក្នុងវីដេអូរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសុំឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មេត្តាពិនិត្យអីចេះ បើអាចជារៀងរាល់ឆ្នាំកម្មវិធីធំៗបុណ្យជាតិនេះ យើងគួរតែរៀបចំជាប្រតិទិនតែម្ដង ដូចឡានកុងតឺទ័រធំៗពីថ្ងៃនេះ ដល់ថ្ងៃនោះ គឺមិនឱ្យគាត់ចេញទេ យើងមិនអាចប្រាប់គាត់មុនថា ៣ថ្ងៃ បានចេញសេចក្ដីប្រកាសមិនឱ្យរថយន្តកុងតឺទ័រធុនធំ ធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងណាទេ បើយើងប្រាប់គាត់បានមុនក្នុងរយៈពេលមុន ១ឆ្នាំ គាត់អាចត្រៀមក្នុងការដឹកជញ្ជូនរៀបចំសម្របសម្រួលមុន ព្រោះថាឥឡូវនេះ អោយតែមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យទានធំៗនេះ ម្ដងៗគឺ ៤ ទៅ៥នាក់ ទៅទាំងអស់ អត់មាននៅទេ។»

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្តថា៖ «ហើយផ្លូវខ្លះ ដែលវាចង្អៀតពេលយើងចេញពីខេត្តមួយទៅខេត្តមួយ ជាពិសេសនៅទីប្រជុំជន ទៅខេត្ត ជាទីស្រុកកំណើតរបស់គាត់ទាំងអស់នេះ គឺរថយន្តធំៗដឹកជញ្ជូននេះ តែងតែបង្កជាបញ្ហារហូត ហើយនេះជាបទសោធន៍ មានទិន្នន័យច្បាស់លាស់ យើងនិយាយយោងទៅលើទិន្នន័យ អ៊ីចឹងហើយបើយើងមានប្រតិទិនវែងមុន ក្នុង១ឆ្នាំ ក្នុងថ្ងៃនេះ ខែនេះ បុណ្យចូលឆ្នាំរយៈពេល២ ឬ៣ថ្ងៃ គឺហាមដឹកជញ្ជូនតែម្ដង សម្រាក បន្តបន្ទាប់មកគឺរលូនឡើងវិញ អ៊ីចឹងអាចគ្រប់គ្រងលើស្ថានភាពគ្រោះថ្នាក់បាន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតណាមួយ ព្រោះឥឡូវយើង១ឆ្នាំ បន្ថយ ៥ភាគរយ តាមផែនការយុទ្ធសាស្ត្រ ១០ឆ្នាំ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ៕ ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Sar Sokha

Share This Post: