ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន៖ វត្តមានតារារ៉េប វណ្ណដា ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ជាមហាកិត្តិយសដ៏ធំធេងរបស់កម្ពុជា

BY
Khmernote Media
August 14, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គូសបញ្ជាក់ថា វត្តមានសម្តែងរបស់តារារ៉េប វណ្ណដា ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា។

នេះជាការលើកឡើងរបស់ឯកបណ្ឌិតទេសរដ្ឋមន្ត្រី ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសទទួលដំណើរស្វាគមន៍យ៉ាងកក់ក្តៅតារារ៉េប វណ្ណដា វិលត្រឡប់ពីការចូលរួមពិធីបិទការប្រកួតកីឡាអូឡាំពិក ប្រទេសបារាំង។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសបារាំងបានធ្វើរឿងដ៏ធំ និងបានផ្តល់កិត្តិយសពីរសម្រាប់កម្ពុជា គឺទី១.ទោះបីជាអត្តពលិកកម្ពុជាមានចំនួនតិចចូលរួមការប្រកួត ប៉ុន្តែម្ចាស់ផ្ទះបារំាងបានផ្តល់ទូកសម្រាប់ប្រតិភូកីឡាកម្ពុជា ក្នុងពិធីហែលក្បួន (ពិធីបើកការប្រកួត)។ ទី២.តារារ៉េបកម្ពុជា ក្មួយ វណ្ណដា នៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក គឺជាមហាកិត្តិយសមួយ សម្រាប់កម្ពុជា ក្នុងពេលកម្ពុជាយើងមិនទាន់មានឧស្សាហកម្មតន្ត្រីធំទូលំទូលាយ ប៉ុន្តែគេបានផ្តល់នូវមហាកិត្តិយសដ៏ធំធេងដល់កម្ពុជា ដោយនេះជានយោបាយមួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការជួយលើកទឹកចិត្តដល់ប្រទេសកំពុងអភិឌ្ឍន៍»

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិតបានអរគុណដល់តារារ៉េប វណ្ណដា ដែលផ្តល់កិត្តិយដ៏ធំធេងដល់ប្រទេសជាតិ ហើយលោក វណ្ណដា តែងតែចូលរួមព្រឹត្តិការណ៍កីឡាជាតិ និងពិធីបើក-បិទ ការប្រកួតកីឡាស៊ីហ្គេម។ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍បន្ថែមថា៖ «ពិតណាស់ វត្តមានក្មួយ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនេះបានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំងដល់ចលនាកីឡាអូឡាំពិកពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជារបស់យើង។ ខ្ញុំគិតថា នេះជាចលករមួយដ៏ធំ សម្រាប់ឱ្យយុវជនយើងកាន់តែចូលចិត្ត»

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបង្ហាញពីផលចំណេញ ដែលធ្វើឱ្យពិភពលោកទាំងមូលបានស្គាល់កម្ពុជាកាន់តែខ្លាំង ហើយក៏ជាឱកាសដ៏កម្រមួយក្នុងការជួយលើកកម្ពស់ដល់វិស័យសិល្បៈ និងវិស័យកីឡាផងដែរ។

ជាមួយគ្នានេះ តារារ៉េប ម៉ាន់ វណ្ណដា បានបង្ហាញមោទនភាពជាតិ ដែលនាំយកទង់ជាតិកម្ពុជា និងភាសាខ្មែរ ទៅសម្តែងនៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ។ នេះឱកាសដ៏ល្អ ហើយក្នុង១ជីវិតអាចមានតែម្តងទេ។ «ដូច្នេះនេះជាមោទនភាពខ្លាំងណាស់ សម្រាប់វណ្ណដាផ្ទាល់ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូល។ ខ្ញុំគិតថា នេះជាភាពឈ្នះដ៏ធំមួយ ហើយខ្ញុំសង្ឃឹមថា នឹងមានអ្វីដែលជាការភ្ញាក់ផ្អើលទៀត»

តារារ៉េបកម្ពុជាដ៏ល្បីល្បាញ ម៉ាន់ វណ្ណដា លើកឡើងបន្ថែមយ៉ាងដូច្នេះថា «ការជ្រើសរើសយកបទ Time To Rise» យកទៅច្រៀងសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ទីក្រុងប៉ារីស គឺជាការសម្រេចចិត្តរបស់ខ្ញុំ។ អាចថា នេះជារឿងដ៏ធំមួយ ដែលខ្ញុំបានធ្វើសម្រាប់លោកគ្រូ គង់ ណៃ។ ជាចុងក្រោយ វណ្ណដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអបអរសាទរ និងគាំទ្រលើកទឹកចិត្តចំពោះការបង្ហាញកិត្តិយស ក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: