តារាចម្រៀងរ៉េប វណ្ណដា៖ យើងនឹងបន្តខំប្រឹងប្រែង ដើម្បីនាំយកសម្លេងតន្ត្រីខ្មែរបង្ហាញនៅលើឆាកអន្តរជាតិ
- August 15, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តារាចម្រៀងរ៉េប វណ្ណដា បានលើកឡើងថា៖ «ក្នុងនាមជាសិល្បករមួយរូបតំណាងឱ្យផលិតកម្មបារមី និង ក្រុមការងារទាំងអស់ ពួកយើងពិតជាមានមោទកភាពបំផុត ដែលត្រូវបានអញ្ជើញជាកិត្តិយសទៅសម្តែងតំណាង ប្រទេសកម្ពុជានៅលើឆាកនៃកម្មវិធីបិទការប្រកួតកីឡា អូឡាំពិករដូវក្តៅ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយពួកយើងនឹងបន្តខំប្រឹងប្រែង ដើម្បីនាំយកសម្លេងតន្ត្រីខ្មែរទៅបង្ហាញឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ»។

តារាចម្រៀងវណ្ណដា បានសរសេរនៅលើបណ្តាញសង្គមថា៖ «ក្នុងនាមជាកូនខ្មែរ នេះជាអ្វីដែលខ្ញុំ និងក្រុមការងារតែងតែ ស្រមៃចង់ធ្វើសម្រាប់ប្រទេសកម្ពុជា ហើយឥឡូវនេះគឺ ពិតជារំភើបដែលបានឃើញពុកម៉ែបងប្អូនទាំងអស់ចូលរួម រីករាយសាទរជាមួយគ្នាក្នុងពេលវេលាដ៏មានន័យនេះ»។
ការប្តេជ្ញានេះបានធ្វើជាការឆ្លើយតបចំពោះសម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រី្តដែលបានលើកសរសើរ និងអបអរសាទរចំពោះតារាចម្រៀងវណ្ណដា ដែលបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែសីហា សម្តេចតេជោហ៊ុនសែន បានសរសេរនៅលើបណ្តាញសង្គមថា «ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ»។
សម្តេចតេជោ ហ៊ុនសែន ក៏បានបង្ហាញការចូលរួមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុសវណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

ក៏ដូចគ្នានេះ សម្តេចធិបតីហ៊ុនម៉ាណែតបានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែសីហា ថា៖ «សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជាលោក វណ្ណដាសម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។

សូមរំលឹកថា តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅក្នុងឱកាសច្រៀងនៅក្នុងព្រឹត្តិការណ៍បិទកីឡាអូរឡាំពិក នាក្រុងប៉ារីស កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយច្រៀងបទ«Time to Rise»។ វត្តមានរបស់តារាចម្រៀងរ៉េប វណ្ណដា នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសបារាំងនេះ បានជួយលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






