គ្រូបង្វឹកកាយវប្បកម្ម លោកស្រី អេមី សារីរ៉ុម ទទួលបានមេដាយមាស និងពានរង្វាន់ការអភិឌ្ឍពីប្រធានសហព័ន្ធកាយវប្បកម្មពិភពលោក
- August 16, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹកកីឡាកាយវប្បកម្មកម្ពុជាជាស្រ្តីខ្មែរទី១ ដែលទទួលបានមេដាយមាស និងពានង្វាន់ពីប្រធានសហព័ន្ធកីឡាកាយវប្បកម្មពិភពលោក លោក DATUK PAUL CHUA ដោយលោកស្រីស្ថិតក្នុងចំណោមស្រី្តល្បីៗលើពិភពលោកផ្នែកកីឡាកាយវប្បកម្ម ក្នុងការអភិឌ្ឍប្រភេទកីឡាមួយនេះឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាពិសេសបង្វឹកអត្តពលិករបស់ខ្លួនឱ្យដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីលើកឆាកអន្តរជាតិ។

នេះបើតាមការគូសបញ្ជាក់របស់លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា លោកស្រី អេមី សារីរ៉ុម ដែលទទួលបានមេដាយមាស និងពានរង្វាន់នេះត្រូវបានប្រគល់ជូន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូណេស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៦-១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងការប្រកួតជើងឯកអាស៊ីនេះ កីឡាករ ឃូ ឃាងហ៊ុយ បានឈ្នះមេដាយមាស១គ្រឿងជូនជាតិផងដែរលើវិញ្ញាសា Men’s sport physique over 180cm។
លោក តឹក ប៉ុនវី សង្កត់ធ្ងន់ថា លោកស្រី អេមី សារីរ៉ុម ដែលបានទទួលមេដាយមាស និងពានរង្វាន់អន្តរជាតិនេះ គឺស្ថិតក្នុងចំណោមស្តី្រទំាង ៩រូប សម្រាប់វិស័យកីឡាកាយវប្បកម្មនេះ ដោយមានន័យថា ជាស្រី្តចូលរួមក្នុងការអភិឌ្ឍកីឡាកាយវប្បកម្មឱ្យមានការរីកចម្រើនជាលក្ខណៈអន្តរជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរចំពោះកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្ម និងការប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។
លោកបានបន្ថែមថា ទោះបីជាយ៉ាងណា ក៏ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធមិនភ្លេចថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែអនុញ្ញាត និងគាំទ្រដល់ប្រភេទកីឡាកាយវប្បកម្ម ឱ្យមានឱកាសចេញទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីផ្តល់ឱកាសដល់កីឡាករកម្ពុជាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ ទោះជាយ៉ាងណា លោកទាំងពីរមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឱ្យកាន់តែឆ្ពោះទៅរកភាពខ្លាំងក្លាបន្ថែមទៀត ជាពិសេសគោលដៅចំពោះមុខ គឺត្រៀមបញ្ជូនកីឡាករជ្រើសជាតិចូលរួមប្រកួតប្រជែងមេដាយជូនជាតិពីការប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក នៅប្រទេសម៉ាល់ឌីវ នាខែវិច្ឆិកា ឆ្នាំ២០២៤ផងដែរ៕






ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






