ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ នៅប្រទេសជប៉ុន

BY
Khmernote Media
August 16, 2024

(ជប៉ុន)៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់លោក Satoshi Koide នាយកក្រុមហ៊ុន Mineral Marche ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ដែលត្រូវបានដឹកមកពីសារមន្ទីរខេត្តកំពង់ធំ សម្រាប់កម្មវិធីពិព័រណ៍ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែសីហា ឆ្នាំ២០២៤ នៅសាលពិព័រណ៍ Pacifico Yokohama Exhibition Hall នៅទីក្រុង Yokohama ប្រទេសជប៉ុន។

ក្រុមហ៊ុនជប៉ុន Mineral Marche បានទទួលការឯកភាព និងចុះកិច្ចព្រមព្រៀងខ្ចីរូបចម្លាក់ «ព្រះគណេស» ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌រវាងប្រទេសកម្ពុជា និងជប៉ុន ក៏ដូចជាផ្តល់ឱកាសជូនទស្សនិកជនអន្តរជាតិ និងសាធារណជនទូទាំងពិភពលោកអាចទស្សនា សិល្បៈខ្មែរ ដែលមានស្នាដៃល្អវិចិត្រ ជាពិសេស ក៏ជាឱកាសដ៏ប្រសើរ ក្នុងការចូលរួមបញ្រ្ជាបការយល់ដឹងអំពីតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់លោក Satoshi Koide នាយកក្រុមហ៊ុន Mineral Marche ដែលបានចូលរួមជួយផ្សព្វផ្សាយស្នាដៃវប្បធម៌ខ្មែរ ដើម្បីអាចទាក់ទាញអ្នកទេសចរណ៍អន្តរជាតិ រួមទាំងទេសចរណ៍ជប៉ុនមកទស្សនាប្រទេសកម្ពុជា បន្ថែមទៀត៕

ប្រភព៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

Share This Post: