ព័ត៌មានជាតិ

ឆមាសទី១ ឆ្នាំ២០២៤ ខេត្តក្រចេះ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ជាង១ម៉ឺននាក់

BY
Khmernote Media
August 16, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពសរុបចំនួន ១៣.៨៧៨នាក់ និងអ្នកជំងឺមកពិគ្រោះចំនួន ៧៦.៩២៣នាក់។

ការលើកឡើងរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញដឹកគណៈប្រតិភូខេត្ត មកធ្វើកិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តក្រចេះ»។

នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ខេត្តមានមន្ទីរពេទ្យបង្អែកចំនួន ៥កន្លែង មណ្ឌលសុខភាពចំនួន ៤១កន្លែង និងប៉ុស្តិ៍សុខភាព ចំនួន ១៣កន្លែង កំពុងដំណើរការបម្រើសេវាសុខភាពយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសរួមចំណែកការអនុវត្តគោលនយោបាយជាតិគាំពារសង្គម គោលនយោបាយរបបសន្តិសុខសង្គម និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា«ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពសរុបចំនួន ១៣.៨៧៨នាក់ និងអ្នកជំងឺមកពិគ្រោះចំនួន ៧៦.៩២៣នាក់»

ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាល បានឱ្យដឹងទៀតថា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តក្រចេះ បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សំដៅបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តបានល្អប្រសើរ។

ឯកឧត្តម បន្ដថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង ក្នុងខេត្តសម្រេចបានទាំងចំនួន ៦លើក ជាលទ្ធផលដូសទី១ បានចំនួន ៣៧០.៨៩៧នាក់ ស្មើនឹង ១០៥,៥២% បច្ចុប្បន្នខេត្តក្រចេះពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ នោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: