ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ

    BY Khmernote Media August 17, 2024
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគអនឡាញ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅដល់ការបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ អ.ផ.ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

    ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនត្រូវបានជនអនាមិកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាមអូសទាញ ឱ្យប្រគល់គណនីធនគារដល់ជនអាមិកនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការទទួលប្រាក់ជាថ្នូរនឹងផលប្រយោជន៍ ដែលបានមកពីការឆបោកប្រាក់ ក្រោមរូបភាពរិនិយោគអនឡាញ។

    បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។

    នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post: