សោកស្ដាយ! កម្ពុជាបាត់បង់សត្វផ្សោតជំទង់ ១ក្បាល នៅក្បែរអន្លង់កាំពី ក្នុងខេត្តក្រចេះ ដោយជាប់មងអ្នកនេសាទ
- August 17, 2024
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មានសត្វផ្សោតជំទង់១ក្បាល បានស្លាប់ត្រង់ចំណុចក្បាលកោះព្រហ្មចារី ក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយជាប់នឹងមងនេសាទក្រឡា ១៥សង់ទីម៉ែត្រ។

ផ្សោតដែលស្លាប់នេះ មានលេខកូដសម្គាល់១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨គីឡូក្រាម អាយុប្រមាណពី ៨ ទៅ ១០ឆ្នាំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការបាត់បង់រតនសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។
ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់ការប្រើឧបករណ៍នេសាទមងក្នុងតំបន់ផ្សោតរស់នៅនិងឧបករណ៍ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់ផ្សោតរស់នៅ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕


- Share This Post:






