ម្ចាស់មេដាយជើងឯកអាស៊ី និងពិភពលោក តាំង សៀសុង ប្តេជ្ញាធ្វើឱ្យបានល្អបំផុត ដើម្បីរកជ័យជម្នះជូនជាតិ ក្នុងការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
- August 17, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ម្ចាស់មេដាយមាស ជើងឯកអាស៊ី និងជាម្ចាស់មេដាយប្រាក់ ជើងឯកពិភពលោក កីឡាករជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា តាំង សៀសុង បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងធ្វើឱ្យបានល្អបំផុត សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ពីថ្ងៃទី១៩-២៥ ខែសីហា ឆ្នាំ២០២៤។

ការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់កីឡាករ តាំង សៀសុង បានធ្វើឡើង នៅក្រោយបញ្ចប់សន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។
កីឡាករ តាំង សៀសុង លើកឡើងបែបនេះថា៖«ខ្ញុំត្រូវប្រកួតវិញ្ញាសាមេគុនកម្រិត ៤ដាន់ និងប្រកួតលើវិញ្ញាសាប្រយុទ្ធក្រោម៧៨គីឡូក្រាម និងក្រុមបុរស។ ការប្រកួតជើងឯកអាស៊ី ដែលមាន ៣០ប្រទេសចូលរួម ហើយជាការកត់សម្គាល់ គឺម្ចាស់ក្បាច់គុនកូរ៉េខាងជើង រុស្ស៊ី និងកាហ្សាក់ស្ថានជាដើម សុទ្ធតែជាមានអត្តពលិកខ្លាំងៗ។ កម្រិតអត្តពលិកនៃប្រទេសទាំងនេះ គឺខ្ពស់ៗជាងកម្ពុជាយើងឆ្ងាយ ដោយសារពួកគាត់មានកាយសម្បទារមាំមួនជាងយើង និងមានគុណភាពបច្ចេកទេសល្អជាងយើង។ ប៉ុន្តែយើងនឹងប្រឹងប្រែងព្យាយាមប្រើបច្ចេកទេស ដែលគ្រូបង្វឹករបស់យើងបានបង្ហាត់ ហើយយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងពិន្ទុពីគាត់»។
«សម្រាប់ខ្ញុំផ្ទាល់ គឺបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការចូលរួមប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ហើយខ្ញុំប្តេជ្ញាចិត្តថានឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព ដើម្បីរកជ័យជម្នះជូនជាតិមាតុភូមិ។ ចំពោះខ្ញុំថាតើមេដាយកម្រិតណាមួយ ដែលខ្ញុំបានដាក់គោលដៅនោះ គឺខ្ញុំមិនទាន់ហ៊ាននិយាយបាននោះទេ ដោយសារតែការប្រកួតប្រជែងនឹងមានភាពស្វិតស្វាញខ្លាំង។ ពេលយើងខ្ញុំទៅដល់ កន្លែងប្រកួត យើងនឹងព្យាយាមធ្វើឱ្យបានល្អបំផុត តាមតែអាចធ្វើទៅបាន»។ តាំង សៀសុង បានបន្ថែម។
បន្ថែមពីលើនេះ ជម្រើសជាតិ តាំង សៀសុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានលះបង់ទាំងកម្លាំកាយ កម្លាំងចិត្តស្វះស្វែងរកថវិកាឧបត្ថម្ភ ជួយដល់កីឡាករ កីឡាការិនីកម្ពុជាចេញទៅចូលរួមប្រកួត នៅប្រទេសឥណ្ឌា លើកនេះបានច្រើនគ្នា។ ជាមួយគ្នានេះ កីឡាកររូបនេះក៏បានអរគុណដល់បណ្តាដៃគូឧបត្ថម្ភនានា ដែលជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធតាំងពីដើមរហូតមក។
ជម្រើសជាតិ តាំង សៀសុង ធ្លាប់បានចូលរួមប្រកួតកម្រិតអន្តរជាតិបាន ៤-៥ដងហើយៗធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតជើងឯកអាស៊ី និងជើងឯកពិភពលោក ដែលក្នុងនោះ គឺមេដាយមាស១គ្រឿង ធ្លាប់ដណ្តើមបានក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៨ និងមេដាយប្រាក់១គ្រឿង ធ្លាប់ដណ្តើមបាន ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី កាលពីឆ្នាំ២០១៩។ បច្ចុប្បន្ន កីឡាករតេក្វាន់ដូ ITF កម្ពុជា តាំង សៀសុង មានវ័យ២៩ឆ្នាំ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលនឹងចូលរួមប្រកួតជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា ឆ្នាំ២០២៤នេះ គឺមានចំនួន២៧រូប នឹងត្រូវចាកចេញពីមាតុប្រទេស នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រួចនឹងត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះសមាសភាព រួមមាន៖ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូដឹកនាំ អមដោយអនុប្រធានប្រតិភូពីររូប គឺឯកឧត្តម ផាន់ វណ្ណរ័ត្ន និងឯកឧត្តម លឹម រតនៈ អនុប្រធានសហព័ន្ធ និងសមាជិក៣រូប គឺឯកឧត្តម រាជ សម្រេច ឯកឧត្តម តាំង ស៊ុនឡាយ និងឯកឧត្តម ខុម ឌីណា។ ឯកឧត្តម ហ៊ឹម រីដា អាជ្ញាកណ្តាល ឯកឧត្តម បួនហ៊ីង សុធីយ៉ា គ្រូបង្វឹក អមដោយគ្រូជំនួយ គឺលោក ប៉ាល់ ជីវ័ន និងលោក ទ្រី វរលក្ខណ៍ ខណៈកីឡាករ មានចំនួន១១នាក់ និងកីឡាការិនី៦នាក់៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






