ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វមមាចត្នោត រាតត្បាតស្រូវកសិករអស់ជាង ១០០ហិកតា នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

    BY Khmernote Media August 17, 2024
    សត្វមមាចត្នោត រាតត្បាតស្រូវកសិករអស់ជាង ១០០ហិកតា នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ ខេត្តបាត់ដំបង បានបញ្ជាក់ថា សត្វមមាចត្នោតកំពុងរាតត្បាតស្រូវកសិករភូមិចំនួន៣ ក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានភូមិគងទុំ ភូមិករហាល និងភូមិចុងឆ្តោរ (ចំណុចអាងភាស) ប្រមាណ ១១១ហិកតា ដែលក្នុងមួយហិកតាមានការស៊ីជញ្ជក់ស្រូវក្នុងដំណាក់កាលផើមចេញផ្កាចន្លោះពី ១០ទៅ ២៥ម៉ែត្រការ៉េ។

    ស្រូវដែលសត្វមមាចត្នោតរាតត្បាតនេះមាន ប្រភេទស្រូវស្រង៉ែ, OM 5451​ និង​ស្រូវសែន​ក្រអូប។ ផេកមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា លោកឈឹម វជ្ជរា ប្រធានមន្ទីរ​ និងមន្ត្រីជំនាញ​ រួមជាមួយ​ ថ្នាក់ដឹកនាំ​ការិយាល័យ​កសិកម្ម​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ស្រុក​ឯកភ្នំ​ បានចុះធ្វើការអន្តរាគមន៌​ នាព្រឹក​ថ្ងៃទី​ ១៦​ ខែសីហា​ ឆ្នាំ​ ២០២៤​នេះ​ ដោយ​បានធ្វើការណែនាំ​បច្ចេកទេសលើការគ្រប់គ្រង​មមាចត្នោត​ តាម​រយៈ​ការបញ្ចូលទឹកក្នុងស្រែ​ និង​ប្រាស់ប្រាស់វិធានការទប់ស្កាត​ កុំអោយរីករាលដាល​ ដោយ​ប្រើប្រាស់​វិធានការ​គីមី​ បាញ់​ទប់ស្កាត់​ ផ្នែកស្រែនៅខាងលើ នូវ​ប្រភេទ​ថ្នាំ​កម្ចាត់​មមាចត្នោត​ ។

    ទោះបីយ៉ាងណាមន្ទីរកសិកម្មបញ្ជាក់ថាគិតត្រឹម​ថ្ងៃ​ទី​១៦​ ខែសីហា​នេះ​ ស្ថានភាព​នៃការរាតត្បាត​ដោយមមាចត្នោតនៅតំបន់នេះ​ ត្រូវ​បានគ្រប់​គ្រង​ មានការថយចុះ​។

    ចំណែក​ផលប៉ះពាល់​ ដោយសារមមាចត្នោត​ ខាងលើនេះ​ មន្ទីរ​កសិកម្ម នៅបន្តសហការ​ ជាមួយ​មន្ត្រី​ជំនាញ​ ការិយាល័យ​កសិកម្ម​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ស្រុក​ទាំង២​ រួម​ជាមួយ​ អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើ​ការ​តាមដាន​ឃ្លាំមើល នូវវត្តមានសមាសភាពចង្រៃ(មមាចត្នោត)​ ជាប្រចាំ​ រហូត​ដល់​ការគ្រប់គ្រង​បានទាំងស្រុង​ និងបន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​ ផ្តល់​សេវា​ បច្ចេកទេស​ គ្រប់​គ្រង​ លើសមាសភាពចង្រៃ​លើ ដំណាំស្រូវ​ ដំណាំកសិកម្ម​ដល់បងប្អូន​កសិករ​អោយកាន់តែទូលំទូលាយបន្ថែមទៀត។

    មានឯកសារមន្ទីរកសិកម្ម បានបញ្ជាក់ថា ដើម្បីការពារពីសត្វមមាចត្នោតកសិករ មិនត្រូវធ្វើស្រែពេញមួយឆ្នាំនោះទេ ទុកចន្លោះពីរដូវមួយ ទៅរដូវមួយឲ្យឃ្លាតគ្នាយ៉ាងតិចពី ២០ ទៅ ៣០ថ្ងៃ, ត្រូវប្រើប្រាស់ពូជដែលធន់ជំងឺ សត្វមមាចត្នោត, កុំព្រោះស្រូវ ឬសន្ទូងក្រាស់ពេក, រក្សាទឹកក្នុងស្រែឲ្យបានសមស្រប, ប្រើប្រាស់ជីឲ្យបានត្រឹមត្រូវចៀសវាងប្រើជីអាសូតលើសកម្រិតជាដើម។

    ចំពោះវិធានការកម្ចាត់មមាចត្នោត ចំពោះស្រែដែលមានទឹក ត្រូវបង្កើនកម្រិតទឹករួចប្រើស្បៃមុងអូសយកសត្វមមាចតាមដែលអាចធ្វើបាន ឬប្រើដីខ្សាច់លាយជាមួយប្រេងម៉ាស៊ូត ៣ ទៅ ៤លីត្រក្នុងមួយហិកតារួចបាចចូលក្នុងស្រែឲ្យបានសប់ល្អ បន្ទាប់មកយកមេឃឈើគោះទម្លាក់ទឹក ចំពោះស្រែគ្មានទឹកត្រូវប្រើប្រេងម៉ាស៊ូត ៣ ទៅ ៤លីត្រលាយជាមួយអង្កាម ឬកន្ទក់លាយឲ្យសប់រួចបាចចូលទៅក្នុងស្រែដើម្បីចេញសត្វមមាច, ព្រលែងទាចូលក្នុងស្រែ ជម្រើសចុងក្រោយត្រូវប្រើប្រាស់ថ្នាំកសិកម្ម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: