ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្សឈ្មោះ «ឌីអ ប្រឺហ្វេសិនណល» ចំនួន៦ទីតាំង

BY
Khmernote Media
August 19, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ចំនួន៦ទីតាំងក្នុងនោះរួមមាន៖

ទី១. បិទមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកស្រី ទូច ធីតា តំណាងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល។

ទី២. បិទគ្លីនិក កែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល តាខ្មៅ ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សែម រតនា មានទីតាំងនៅផ្ទះលេខ៨៤ ផ្លូវ២១០ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយ ចែកចាយ និង លក់ឱសថ ផលិតផលកែសម្ផស្ស គ្មានចុះបញ្ជិកា ។

ទី៣. បិទមជ្ឈមណ្ឌល ថែរក្សាសម្ផស្ស យីហោ «ឌីអ ប្រូហ្វេសិនណល ឯ.ក» ស្ថិតនៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានប្រកបអាជីវកម្ម និងផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធ នឹងការថែរក្សាសម្ផស្ស។ ក្រោយពីក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យលើ អាជីវកម្មថែរក្សាសម្ផស្សនេះ ពិតជាមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាលក្នុងការធ្វើអាជីវកម្មថែរក្សាសម្ផស្សនេះនៅឡើយទេ។

ទី៤. បិទមជ្ឈមណ្ឌលកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប FURI ផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ វេជ្ជបណ្ឌិត សែម រតនា ដោយមូលហេតុមិនមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។

ទី៥. បិទគ្លីនិកកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល សៀមរាប ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោកវេជ្ជបណ្ឌិត សែម រតនា មានទីតាំងនៅផ្លូវជាតិលេខ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយ ចែកចាយ និងលក់ឱសថ ផលិតផលកែសម្ផស្សគ្មានចុះបញ្ជិកា។

ទី៦. បិទទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក សែម រតនា ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងប្រើប្រាស់ផលិតផលគ្មានចុះបញ្ជិកា ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: