ព័ត៌មានជាតិ

សាច់ជ្រូកបង្កកខូចគុណភាពជាង ១៣០០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលខេត្តពោធិ៍សាត់ យកទៅដុតកម្ទេចចោល

BY
Khmernote Media
August 19, 2024

ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបាលស្រុកក្រគរ បានឃាត់រថយន្តដឹកផលិតផលសាច់និងគ្រឿងក្នុងជ្រូកបង្កក ដោយគ្មានលិខិតអនុញ្ញាត នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់។ សមត្ថកិច្ចក៏បានយករថយន្តមករក្សាទុកបណ្តោះអាសន្ននៅស្នងការដា្ឋននគរបាលខេត្ត។

ប្រភពខាងលើ បានឱ្យដឹងបន្តទៀតថា នៅវេលាម៉ោង ១០៖២៨នាទី ដោយមានការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចយើង ក៏បានធ្វើការឆែកឆេររថយន្ត ម៉ាក Hyundai starex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-8156 ក្រោយពីត្រួតពិនិត្យ បានរកឃើញផលិតផលជ្រូកបង្កក សរុបចំនួន ២០កេស ស្មើនឹង ១៣១៥គីឡូក្រាមក្នុងនោះមាន៖

១-ឆ្អឹងជំនីជ្រូកចំនួន ២៧៤គីឡូក្រាម
២-ក្រលៀនជ្រូកចំនួន ៦០គីឡូក្រាម
៣-ជើងជ្រូកចំនួន ៧២គីឡូក្រាម
៤-ក្រពះជ្រូកចំនួន ៤៤៤គីឡូក្រាម
៥-អណ្ដាតជ្រូកចំនួន ១២៤គីឡូក្រាម
៦-ពោះ-ច្រមុះជ្រូកចំនួន ៦២គីឡូក្រាម
៧-បេះដូង និងខួរជ្រូកចំនួន ៧៦គីឡូក្រាម
៨-ត្រចៀក-ក្រពះជ្រូកចំនួន ៦៨គីឡូក្រាម
៩-បេះដូងជ្រូកចំនួន ៦៩គីឡូក្រាម
១០-ក្រចកជ្រូកចំនួន ៦៦គីឡូក្រាម។

ក្នុងករណីនេះ សមត្ថកិច្ចយើងបានប្រគល់វត្ថុតាងនឹងរថយន្តទៅអោយជំនាញបសុពេទ្យដើម្បីបន្តនីតិវិធី។ ដោយពិនិត្យឃើញថាសាច់ក្លាសេនេះខូចគុណភាព (មានសភាពប្រែពណ៌ខុសធម្មតា មានក្លិនស្អុយ) ដែលអាចបណ្ដាលអោយមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូច្នេះសមត្ថកិច្ចជំនាញក៏បានសុំគោលការណ៍ទៅឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកម្ទេចចោល៕ ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

Share This Post: