ព័ត៌មានជាតិ

ឯកឧត្ដម កែ គឹមយ៉ាន អំពាវនាវដល់ក្មួយៗយុវជនសូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសមួយពិតប្រាកដ ដើម្បីចិញ្ចឹមជីវិតនាពេលអនាគត

BY
Khmernote Media
August 20, 2024

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗ យុវជនទាំងអស់ ដែលពុំបានចូលរៀន មហាវិទ្យាល័យ ហើយពុំទាន់បាន ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះ ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃ ហើយក្មួយៗ នឹងមាន ជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិតនាពេលអនាគត។

ការអំពាវនាវយ៉ាងដូច្នេះរបស់ ឯកឧត្ដម កែ គឹមយ៉ានបានធ្វើឡើងក្នុងឱកាស បានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនី ដល់សិស្សនិងយុវជននៅវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមក៏បានក្រើនរម្លឹកដល់សម្រាប់ក្មួយៗសិក្ខាកាម ដែលកំពុងទទួលការ បណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសនេះ ត្រូវខិតខំប្តេជ្ញាចិត្ត ពុះពារ “រៀនឱ្យចប់ និងរៀនឱ្យចេះ” ដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅពេលអនាគតនោះ។

មួយនោះ ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍វ័យក្មេងដ៏ឆ្នើម បានផ្តោតការយកចិត្តទុកដាក់លើ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន ដែលជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលមាននៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយផ្តោតជា សំខាន់លើការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅ មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ យុវជននៅទូទាំងប្រទេសប្រមាណ ១.៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល ក្នុងមួយខែ និងបុគ្គលិកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្មួយៗ កម្មករនិយោជិតក៏អាចចូលរៀនបាន នៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដមុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬក៏បង្កើនសមត្ថភាពជំនាញរបស់ខ្លួន។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថាដែរ សម្រាប់ខេត្តបន្ទាយមានជ័យ ឯកឧត្តម បានជំរុញ និងគាំទ្រការដាក់ឱ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេសនេះ នៅគ្រប់ ក្រុងស្រុកទាំង៩ដែលបានសាងសង់រួចហើយ។ ជំហានដំបូងគឺយើងបានបើកវគ្គអគ្គិសនីនៅ វិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ វិទ្យាល័យ សម្តេចឪក្រុងសិរីសោភ័ណ វិទ្យាល័យស្វាយចេក ស្រុកស្វាយចេកហើយយើងគ្រោងបើកវគ្គបន្តបន្ទាប់ទៀតនៅវិទ្យាល័យ ថ្មពួក និងកន្លែងផ្សេងៗទៀត។ ក្រៅពីជំនាញអគ្គិសនី យើងនឹងបណ្តុះបណ្តាល បន្ថែមទៀតលើជំនាញគ្រឿងម៉ាស៊ីន គ្រឿងយន្តកសិកម្ម ជំនាញកសិកម្មនិងកុំព្យូទ័រ។ គោលដៅសំខាន់គឺយុវជននៅតាមភូមិ ឃុំ ដើម្បីយកចំណេះជំនាញទាំងនោះទៅតាម សហគមន៍ និងក្រុមហ៊ុននានា។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ត្រូវបន្តរួមគ្នាបន្តថែរក្សាការពារសន្តិភាព បន្តរួមគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមព្រំដែន CLV DTA គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រូវជឿលើការញុះញង់ បំបែបបំបាក់ឯកភាពជាតិរបស់ក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំមកជាមួយនូវ បណ្តាំផ្ញើរសួរសុខទុក្ខនិងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតនិងពរជ័យមហាប្រសើរអំពី សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះ ព្រះសង្ឈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ បងប្អូន ក្មួយៗ សិក្ខាកាម សិស្ស និស្សត និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងការបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម កែ គឹមយ៉ាន បាននាំយក នូវអំណោយសរុបជាថវិកាចំនួន១៤លានរៀល សារុង ៥០១ និងឧបករណ៍ សម្រាប់ជាងជួសជុលអគ្គិសនីចំនួន២៩ឈុតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: