អ្នកមុជទឹក ៣នាក់ ដែលធ្លាប់ជួយក្មេងប្រុសថៃ ១២នាក់ បានរកឃើញផ្លូវទឹកមួយនៅវៀតណាម ដែលអាចជាផ្លូវតភ្ជាប់ទៅកាន់គុហាដ៏ធំរបស់ពិភពលោក
អ្នកមុជទឹកចំនួន ៣នាក់ ដែលធ្លាប់ជួយក្រុមកុមារាថៃទាំង ១២ និងគ្រូបង្វឹករបស់ពួកគេកាលពីឆ្នាំមុន បានរកឃើញនូវរបកគំហើញថ្មីៗនៅក្នុងប្រទេសវៀតណាម ដោយពួកគេបានរុករករូងក្រោមដីមួយ ដែលអាចជាផ្លូវតភ្ជាទៅកាន់គុហាដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមមុជទឹកនេះ ត្រូវបានគេអញ្ជើញឱ្យចុះក្នុងផ្លូវរូងក្រោមដីដែលពោរដោយទឹកមួយ ក្នុងរូងភ្នំ Son Doong មានទីតាំងនៅកណ្តាលប្រទេសវៀតណាម ដែលមិនដែលធ្លាប់មាននរណាម្នាក់ចុះមកស្រាវជ្រាវ និងត្រូវបានគេជឿថា ជាផ្លូវតភ្ជាប់ទៅកន្លែងអាថ៌កំបាំងម្ខាងទៀត។

អំឡុងពេលរុករក ពួកអ្នកមុជទឹកត្រូវបានបង្ខំចិត្តត្រឡប់មកផ្ទៃខាងលើវិញ បន្ទាប់ពីពួកគេមុជចុះបានជម្រៅ ៧៧ម៉ែត្រ ដោយសារតែពួកគេមិនមានអុកស៊ីហ៊្សែនគ្រប់គ្រាន់ ប៉ុន្តែពួកគេជឿថា ផ្លូវរូងក្រោមដីនេះមានជម្រៅ ១២០ម៉ែត្រ។ អ្នកជំនាញខាងរូងភ្នំអង់គ្លេសលោក Howard Limbert បាននិយាយថា ប្រសិនបើផ្លូវរូងក្រោមដីនេះ ពិតជាតភ្ជាប់ទៅរូងភ្នំម្ខាងទៀតមែននោះ វានឹងធ្វើឱ្យ Son Doong ក្លាយជាគុហាធំបំផុតរបស់ពិភពលោក គ្មានរូងភ្នំមួយណាអាចយកឈ្នះបានទេ។ យ៉ាងណាមិញអ្នកមុជទឹក ៣នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណថាជាលោក៖ Rick Stanton, Jason Mallinson និង Chris Jewell ជាអ្នកធ្លាប់ជួយក្រុមកុមារាថៃទាំង ១២ និងគ្រូបង្វឹករបស់ពួកគេកាលពី ឆ្នាំ២០១៨ ៕


អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia