ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត គ្រោងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយទៀត ខណៈសមិទ្ធផលទេសចរណ៍ជាច្រើន នឹងលេចចេញជារូបរាងនាពេលខាងមុខ

BY
Khmernote Media
August 20, 2024

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត គ្រោងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយទៀត ខណៈសមិទ្ធផលទេសចរណ៍ជាច្រើន នឹងលេចចេញជារូបរាងនាពេលខាងមុខ។ ឯកឧត្តម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នាសាលសន្និសីទបូកគោ។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តបានបង្កើតឡើងនូវសមិទ្ធផលទេសចណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត និងរូបត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរបានមកលេងកម្សាន្តច្រើននៅក្នុងខេត្ត។

ហើយដោយសារកំណើនភ្ញៀវទេសចរមកលេងច្រើន បានធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកបុណ្យជាតិនានា ដោយសារខេត្តមានស្ពានឆ្លងព្រែកកំពង់បាយតែមួយ ហើយស្ពានចាស់ (ស្ពានឥន្ទធនូ) មានសភាពទ្រុឌទ្រោមមិនអាចឱ្យរថយន្តឆ្លងកាត់បាន ដូច្នេះយើងត្រូវការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែជំរុញឱ្យខេត្តដែលជាគោលដៅទេសចរណ៍ក្នុងប្រទេស ឱ្យខិតខំពង្រីក និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ដែលមានស្រាប់ ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ។ ពាក់ព័ន្ធនឹងគម្រោងសាងសង់ស្ពានថ្មីមួយបន្ថែមទៀតរបស់រដ្ឋបាលខេត្តឯកឧត្តមអភិបាលខេត្តបានរំលេចថា ចំពោះស្ពានដែលសាងសង់ថ្មីនេះ គឺមិនត្រឹមតែបំរើឱ្យការធ្វើចរាចរណ៍មួយមុខប៉ុណ្ណោះទេ គឺយើងនឹងរៀបចំឱ្យមានផលប្រយោជន៍ពហុវិស័យ ហើយស្ពាននេះនឹងប្រើប្រាស់នូវរចនាបទរបស់ខ្មែរ ដើម្បីឱ្យមានភាពទាក់ទាញ ក្នុងន័យស្រូបទាញភ្ញៀវទេសចរបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះសមិទ្ធផលទេសចរណ៍ដែល នឹងលេចចេញជារូបរាងបន្តនាពេលខាងមុខនេះ គឺនាឡិការយក្សដែលមានកម្ពស់ ៣៥ម៉ែត្រ ដែលគ្រោងនឹងលើកបំពាក់ជើងនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ ហើយនាឡិការយក្យនេះនឹងសាងសង់រួចរាល់នៅមុនដំណាច់ឆ្នាំ២០២៤ ដើម្បីទទួលភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តក្នុងខេត្តនាឱកាសនៃពិធីបុណ្យសមុទ្រ ក៏ដូចជាឆ្លងឆ្នាំសកលផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ក៏បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការគិតគូរក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ក៏ដូចជាអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរឡើងជាលំដាប់៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

Share This Post: