ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះបុគ្គលម្ចាស់គណនី TIK TOK មានឈ្មោះ នរោត្តម សូរិយាពង្ស និង ស៊ីសុវត្ថិ សំណាក់វង្ស ដែលអះអាងជា ព្រះអនុជ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
- August 21, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះបុគ្គលម្ចាស់គណនី TIK TOK មានឈ្មោះថា នរោត្តម សូរិយាពង្ស និង ស៊ីសុវត្ថិ សំណាក់វង្ស ដែលបានបង្ហោះចែកចាយប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងជា ព្រះអនុជ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ បុគ្គលនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយក្រសួងព្រះបរមរាជវាំងឡើយ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជ បង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពីឆ្នាំ២០០៣ មកម៉្លេះ។
ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែ វេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ៖
១- www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
២- www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។
ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕


- Share This Post:






