ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើ ផ្ដល់លេខទំនាក់ទំនងHotline សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន

BY
Khmernote Media
August 21, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលេខទំនាក់ទំនង Hotline សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុទូទាំងប្រទេស។

ក្នុងគោលបំណងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រដ្ឋបាលព្រៃឈើ សូមដាក់ជូននូវលេខទំនាក់ទំនង Hotline ខាង ក្រោមនេះ សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស។ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួននេះ។ ស្នាដែលចាប់បានទាំងនេះ នឹងយកទៅព្រលែងក្នុង ព្រៃធម្មជាតិដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិ ឬយកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាម សួនសត្វ អាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយៗ។

រដ្ឋបាលព្រៃឈើ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយសហការ និងមេត្តាយោគយល់នូវការរំខានណាមួយជាយថាហេតុ និងសូមប្រជាពលរដ្ឋទាំងអស់មេត្តាកុំព្រលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា ហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វាដើម្បីធានាសុវត្ថិភាពបញ្ចៀសការបង្កគ្រោះថ្នាក់ ណាមួយដោយសត្វស្វាទាំងនេះ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Share This Post: