ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរវប្បធម៌ខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

    BY Khmernote Media August 21, 2024
    មន្ទីរវប្បធម៌ខេត្តសៀមរាប អញ្ជើញម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion មកធ្វើការណែនាំ បន្ទាប់ពីបានបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់ដល់តម្លៃកុមារកម្ពុជា

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធបានអញ្ជើញ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class មកអប់រំ ណែនាំ ស្រាយបំភ្លឺ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដអូខ្លីៗ ជាច្រើនដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសតម្លៃកុមារកម្ពុជា។

    លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា អញ្ជើញប្អូនៗក្មួយៗ មកពេលនេះ មិនមែនជាការចាប់ដាក់ទោសអ្វីនោះទេ បើទោះបីជាការផ្សព្វផ្សាយវីដេអូ និងសកម្មភាពដែលបានធ្វើនោះបានបង្ហាញនូវរូបភាពខុសឆ្គងក្តី តែការអញ្ជើញមកនេះ ដើម្បីកែតម្រូវ និងស្ដាប់ការណែនាំពីមន្រ្តីជំនាញនូវចំណុចដែលមានកំហុសឆ្គង ពិសេសប៉ះពាលដល់សិទ្ធកុមារ ទោះបីមានការយល់ព្រម អនុញ្ញាតពីសាមីខ្លួន និងអាណាព្យាបាលក៏ដោយ ក៏ពួកគេនៅតែមានច្បាប់ការពារ និងជាវ័យមួយដែលកំពុងត្រូវការរៀនសូត្រ។

    ជាមួយគ្នានោះដែរ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និងKanha Slerkcher Catwalk Class និងក្រុមកាងារ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គងនានា និងបានធ្វើការសុំទោសនូវរាល់កំហុសឆ្គងកន្លងមក និងចុះកិច្ចសន្យាបញ្ឈប់ធ្វើការបង្ហោះផ្សព្វផ្សាយ ដែលមានសកម្មភាព រូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងសិទ្ធកុមារ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: