ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រស់នៅកូរ៉េ សូមប្រញាប់រួសរាន់មកធ្វើលិខិតឆ្លងដែនធម្មតាថ្មី ខណៈថ្ងៃបិទបញ្ចប់សល់ ៤ថ្ងៃប៉ុណ្ណោះ
- August 21, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសាធារណរដ្ឋកូរ៉េ សូមប្រញាប់រួសរាន់មកធ្វើលិខិតឆ្លងដែនធម្មតាថ្មី ខណៈថ្ងៃបិទបញ្ចប់គឺនៅសល់តែ ៤ថ្ងៃប៉ុណ្ណោះ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ តទៅ។
ដោយឡែក សម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួល លិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់ បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រួសរាន់ អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ៕




ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관
- Share This Post:






