ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសព័ត៌មានស្តីពីករណីមនុស្សចំនួន ៣នាក់បាត់បង់ជីវិត បណ្តាលមកពីការពុ_លស្រា នៅស្រុកទ្រាំង ខេត្តតាកែវ

BY
Khmernote Media
August 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីបាត់បង់ជីវិត បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ ចំនួន ៣នាក់។

ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានទទួលព័ត៌មានពីការស្លាប់ មនុស្ស៣នាក់ជាបន្តបន្ទាប់ កើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់ មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សហការជាមួយ នគរបាលស្រុក នគរបាលឃុំ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ «ក.ប.ប.» និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ ទីកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ខាងលើ។

តាមការសាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។ លទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន ក.ប.ប.» ឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០.១%

ក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការ លក់ស្រានិងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។

ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ មានការពុលស្រា ស ឬស្រាថ្នាំ សរុបចំនួន៥១៧នាក់ (ស្លាប់៨៩នាក់) អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹកនិងសូមអំពាវនាវដោយទទួច ដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការ ការពារការពុលស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេស និងរក្សាជីវិតរបស់ខ្លួន ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: