ព័ត៌មានជាតិ

ជាងជួសជុលរថយន្ត យករថយន្តរបស់ភ្ញៀវជិះបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រះស៊ីសុវត្ថិ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន

BY
Khmernote Media
August 22, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២៖២០នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ហេតុការណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:២០នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ បើកបរដោយឈ្មោះ ប៉ូច នោ ភេទប្រុស មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ ទ័ពស្តេច ឃុំត្រពាំងសាលាកើត ស្រុកបន្ទាយមាស ខេត្តកំពត បានបើកបុកម៉ូតូម៉ាក Nex ពណ៌ស ផ្លាកលេខកំពង់ចាម 1AD-0846 បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ នៅចំណុចផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបើករត់ចោលកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ និងរួមដំណើរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរហូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់អ្នកបើកបរ និងរថយន្តម៉ាក Tundra មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

បន្ទាប់ពីសាកសួររួច អ្នកបើកបរបង្កបានសារភាពថាខ្លួនបានយករថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប ២-៧៧២៧ ដែលភ្ញៀវយកជុសជួល យកមកបើកបរ ទើបបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍៕

​ប្រភព៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: