ព័ត៌មានជាតិ

ស្ថានទូតសហរដ្ឋអាមេរិក អបអរសាទរការវិលត្រឡប់នៃវត្ថុបុរាណចំនួន៥៦ មកកម្ពុជាវិញ

BY
Khmernote Media
August 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញមានសេចក្តីរីករាយ ក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបុរាណចំនួន៥៦ រូបដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាម មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

អ្នកស្រី Bridgette Walker បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និងជាទីទុកចិត្តក្នុងការការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។ ការនាំយកវត្ថុបុរាណ ដែលត្រូវបានលួចយកចេញទៅ មកកាន់កន្លែងដើមរបស់វាវិញគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើ»។

គិតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបូរាណចំនួនជាង ១៥០រូប ដែលក្នុងនោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ និងរូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក ជារចនាបទសតវត្សទី ១០ ដែលរូបចម្លាក់ទាំងពីរនេះត្រូវបានដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា នៅរាជធានីភ្នំពេញ។

បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅខែសីហា ឆ្នាំ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន ៥ឆ្នាំទៀត។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនាឆ្នាំ២០០៣ សហរដ្ឋអាមេរិក បានជួយបណ្តុះបណ្តាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបូរាណ ហើយបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ ពីបុគ្គល និងវិចិត្រសាលឯកជន នៅទូទាំងសហរដ្ឋអាមេរិក នូវវត្ថុបុរាណដែលត្រូវបានគេលួចយកចេញទៅ។

សូមជម្រាបជូនថា កិច្ចសហការគ្នាផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក៏រួមមានផងដែរនូវការវិនិយោគសរុបចំនួន ៦លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងគម្រោងផ្សេងៗទៀត។ សកម្មភាពទាំងនេះរួមមានការជួសជុលប្រាសាទភ្នំបាខែង ពីសតវត្សទី ៩ ដែលស្ថិតនៅក្នុងឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: