ស្លាប់ ២នាក់ និងរបួស ១៦នាក់ ក្នុងហេតុការភ្លើងឆេះនៅជិតផ្សារទំនើប Central World នាទីក្រុងបាងកក
ថៃ៖ អគ្គិភ័យមួយបានឆាបឆេះនៅជិតផ្សារទំនើបដ៏ពេញនិយមក្នុងទីប្រជុំជននាទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២ នាក់។ មនុស្ស ១៦ នាក់ត្រូវបានគេរាយការណ៍ថា រងរបួសដោយសារអគ្គីភ័យដែលបានផ្ទុះឆេះនៅសណ្ឋាគារ Centara Grand Hotel នៅម៉ោងជិត ៦ល្ងាច។ វីដេអូ និងរូបថត ដែលបង្ហោះតាមអនឡាញបានបង្ហាញពីការផ្ទុះឆេះ និងផ្សែងដ៏ក្រាស់របស់វា លាតសន្ធឹងចេញពីសណ្ឋាគារដែលមានទីតាំងស្ថិតនៅជាប់ផ្សារទំនើប CentralWorld ។

លោក Aswin Kwanmuang បាននិយាយថា មនុស្ស ២នាក់ បានស្លាប់ ដោយមានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតនៅមន្ទីរពេទ្យ បន្ទាប់ពីបានលោតចេញពីសណ្ឋាគារដើម្បីគេចពីអគ្គីភ័យ។ មនុស្ស ១៦នាក់ ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារឈ្លក់នឹងផ្សែងដែលពួកគេហឺតចូលខ្លួន។ អគ្គីភ័យបានផ្ទុះចេញពីបន្ទប់រក្សាទុកឯកសារនៅជាន់ ទី៨ នៃសណ្ឋាគារ ហើយមូលហេតុនៃអគ្គីភ័យកំពុងត្រូវបានស៊ើបអង្កេត។ យ៉ាងណាមិញផ្សារទំនើប CentralWorld បានប្រកាសបិទហាងជាបណ្តោះអាសន្ន បន្ទាប់ពីអ្នកទិញឥវ៉ាន់រាប់រយនាក់ត្រូវបានជម្លៀស។





អត្ថបទ៖ លីដា
ប្រភព៖ khaosodenglish