ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញជំនឿចិត្តថា«ទូកកានូ និងរ៉ូអ៊ីងកម្ពុជា» អាចនឹងក្លាយជាម្ចាស់ផ្ទះការប្រកួតពិភពលោក

BY
Khmernote Media
August 22, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បាន​បញ្ជាក់ដោយជំនឿចិត្តថា កម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះ ការប្រកួត​កីឡាទូក World Championships នៅពេលខាងមុខ ប្រសិនបើ​កម្ពុជា​ប្រជែងទទួលបានលទ្ធផលល្អពីការប្រកួតវគ្គជម្រុះការ ប្រកួតពិ​ភពលោកនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការ​លើកឡើងនៅក្នុងកិច្ច​ប្រជុំឆ្លងរបាយការណ៍ស្តីអំពីវឌ្ឍនការងារប្រចាំឆមាសទី១ និងលើក​ទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡា​ទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា នៅទីស្តីការ​ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៀតថា សម្រាប់ការប្រកួត​នៅអន្តរជាតិពិសេស គឺការប្រកួតវគ្គជម្រុះកម្រិតពិភពលោក នៅតាម​បណ្តាប្រទេសអាស៊ានប្រសិនបើអត្តពលិកទូកកម្ពុជាយើងមានលទ្ធភាពប្រជែងបានចំណាត់ចាប់ពីចំណាត់ថ្នាក់លេខ៣ ទៅដល់លេខ១ នាំយកមកជូនជាតិ កម្ពុជាក៏មានគម្រោង នឹងស្នើសុំធ្វើជា​ម្ចាស់ផ្ទះ World Championships ដូចបណ្តា​ប្រទេស​ទាំងអស់នោះដែរ។ ដូច្នោះហើយ កម្ពុជាក៏ត្រូវការនូវធនធានចៅក្រមអាជ្ញា​កណ្តាល​និងមន្រ្តីបច្ចេកទេស​ដែលមានជំនាញស្តង់ដារ ដើម្បីទទួលរៀបចំ​ព្រឹត្តិការណ៍ប្រកួតនេះផងដែរ។

ក្នុងកិច្ចប្រជុំដដែលឯកឧត្តមអភិសន្តិបណ្ឌិតប្រធានសហព័ន្ធ ក៏ជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិ​សហ​ព័ន្ធ​យកចិត្តទុកដាក់ខ្ពស់​លើផែនការបណ្តុះបណ្តាលកីឡាករកីឡាការិនី ដោយអនុវត្ត​ទៅ​តាមបែបវិទ្យាសាស្រ្តកីឡា​ ក្នុងការជំរុញសមត្ថភាពកីឡាករ​កីឡាការិនី​ឈានទៅ​ប្រជែងដណ្តើមមេដាយពីការប្រកួតកម្រិត​អន្តរជាតិ។ឯកឧត្តមក៏បានលើកទឹកចិត្ត ឱ្យបណ្តាខេត្តដែលមានទន្លេ ត្រូវយកចិត្ត​ទុក​ដាក់បង្កើតក្រុមកីឡាទូកឱ្យមានគ្រប់វិញ្ញាសា និងហ្វឹកហាត់ឱ្យមាន​សក្កានុពល ចូល​រួម​ការប្រកួតគ្រប់ព្រឹត្តិការណ៍​ដែល​រៀបចំដោយ​សហព័ន្ធ ដើម្បីជាជម្រើសដ៏ល្អសម្រាប់​ការចម្រាញ់​ជ្រើសរើសបាន​កីឡាករកីឡាការិនីមានសក្កានុពល​ចូលរួម​នៅក្នុងក្រុមជម្រើសជាតិ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រាប់ដល់​បណ្តាខេត្ត​ទាំងអស់ត្រៀមកីឡាករ​កីឡាការិនីត្រៀម​ចូលរួមនៅក្នុងព្រឹត្តិការណ៍​កីឡាជាតិ​លើកទី៤ នៅខែវិច្ឆិកាខាងមុខ។ទន្ទឹមនេះ ឯកឧត្តមបានស្នើ​ដល់អភិបាលខេត្តស្វាយរៀង ជួយពន្លឿន ការរៀបចំ​ទីតាំង​ដីសម្រាប់​​​​​​​​​​មជ្ឈមណ្ឌលកីឡាលើកទឹក ដើម្បីសហព័ន្ធបានសាងសង់អគារជូន​កីឡាករ កីឡាការិនី​គ្រូបង្វឹកសម្រាប់ស្នាក់នៅ និងហ្វឹក​ហាត់ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: