ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អត្តពលិកតេក្វាន់ដូ ITF កម្ពុជា បន្តឈ្នះមេដាយឡើងដល់៥គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា

    BY Khmernote Media August 22, 2024
    អត្តពលិកតេក្វាន់ដូ ITF កម្ពុជា បន្តឈ្នះមេដាយឡើងដល់៥គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អត្តពលិកតេក្វាន់ដូ ITF កម្ពុជា បានបន្តយកឈ្នះមេដាយ៥គ្រឿង ក្នុងនោះមេដាយប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿង នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

    ក្នុងចំណោមមេដាយទាំង៥គ្រឿងរបស់កម្ពុជា គឺមេដាយប្រាក់១គ្រឿង ដណ្តើមបានដោយកីឡាករ តាំងសៀសុង ប្រកួតលើវិញ្ញាសាមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ អាយុ១៨-៣៤ឆ្នាំ ក្រោយចាញ់កីឡាករម្ចាស់ក្បាច់គុនកូរ៉េខាងជើង នៅវគ្គផ្តាច់ព្រ័ត្រ។ មេដាយប្រាក់ទី២ និងមេដាយប្រាក់ទី៣ ដណ្តើមបានលើវិញ្ញាសាមេគុនជាក្រុមបុរស និងវិញ្ញាសាមេគុនជាក្រុមនារី ក្រោយចាញ់ពិន្ទុជាមួយក្រុមបុរស និងក្រុមនារីរបស់ម្ចាស់ក្បាច់គុន កូរ៉េខាងជើង នៅវគ្គផ្តាច់ព្រ័ត្រ ដូចៗគ្នា។

    ចំពោះមេដាយសំរឹទ្ធ២គ្រឿងនេះ គឺ១គ្រឿងរកបានដោយកីឡាករ សម្បត្តិ សុវណ្ណរ៉េន លើវិញ្ញាសាមេគុន ខ្សែរក្រវាត់ខ្មៅ១ដាន់ ក្រោមអាយុ១៨ឆ្នាំ។ នៅក្នុងការប្រកួតទទួលបានមេដាយសំរឹទ្ធរបស់កីឡាករ សម្បិត្ត សុវណ្ណរ៉េន គឺបានយកឈ្នះកីឡាករម្ចាស់ផ្ទះ ឥណ្ឌា ក្នុងលទ្ធផលពិន្ទុ ៥-០ ហើយនៅប្រកួតទី២ បន្តឈ្នះកីឡាករ ម៉ាឡេស៊ី ក្នុងពិន្ទុ ៤-១ ហើយ ប្រកួតទី៣ ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺចាញ់ម្ចាស់ក្បាច់គុន កូរ៉េខាងជើងដែរ ក្នុងលទ្ធផលពិន្ទុ ១-៣។ ចំពោះមេដាយសំរឹទ្ធ១គ្រឿងទៀតរកបានដោយកីឡាករ ឃឿន ប៊ុនឡុង លើវិញ្ញាសាមេគុនខ្សែក្រវាត់ខ្មៅ២ដាន់ អាយុ១៨-៣៤ឆ្នាំ ក្រោយប្រកួតចុងក្រោយ ចាញ់កូរ៉េខាងជើង ០-៥។

    គួរបញ្ជាក់ថា នេះជាវិញ្ញាសាសម្តែងមេគុន ហើយកម្ពុជានៅសល់វិញ្ញាសាមួយចំនួនទៀត ជាពិសេសលើវិញ្ញាសាប្រយុទ្ធ ទើបនឹងចាប់ផ្តើមប្រកួតប៉ុណ្ណោះ។ ប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា មានចំនួន២៧នាក់ដឹកនាំដោយឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ទទួលបន្ទុកប្រធានប្រតិភូ ខណៈកីឡាករ កីឡាការិនី សរុប ១៧នាក់៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: