ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងរៀបចំដំណើរកម្សាន្តទៅកាន់តំបន់ភូមិភាគឦសានជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃរាល់ចុងសប្ដាហ៍ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤

BY
Khmernote Media
August 23, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ទៅកាន់ខេត្តនៅភូមិភាគឦសាន ដើម្បីឱ្យប្រជាពលរដ្ឋឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍឱ្យបានច្បាស់លាស់ ជៀសវាងការជឿតាមការនិយាយញុះញង់ពីជនបំភ្លៃការពិត ថារាជរដ្ឋាភិបាលកាត់ឱ្យទៅវៀតណាម។

តាមរយៈ សេចក្តីថ្លែងការណ៍ពិសេសស្តីពី “ សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រលប់ថ្ងៃទី២២ ខែសីហានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចនឹងផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានទៅដើរលេងកម្សាន្ត នៅតាមបណ្តោយព្រំដែន និងតំបន់ដែលគេចោទរាជរដ្ឋាភិបាលថាកាត់ឱ្យវៀតណាម គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចរៀបចំដំណើរកម្សាន្តនេះជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសម្ដេចបញ្ជាក់ថា«ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ គឺរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយឯកឧត្តម នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលម្អិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: